ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងមហាផ្ទៃ រៀបចំផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណដល់ក្រុមការងារក្រសួងមហាផ្ទៃ ដែលបានសហការរៀបចំពិធីនេះឡើង និងបានបញ្ជាក់ថាកិច្ចការភូមិឃុំសង្កាត់មានសុវត្ថិភាពគឺជាកិច្ចការស្នូល ឬជាមុខងារសាធារណៈកម្រិតមជ្ឈិមសំរាប់ឱ្យគ្រប់បណ្ដាមូលដ្ឋានភូមិឃុំសង្កាត់ទាំងអស់នៅទូទាំងប្រទេសឯកភាពគ្នាអនុវត្តកិច្ចការមួយជារួម ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព គ្មានអំពើហិង្សា គ្មានគ្រឿងញៀន គ្មានការលេងល្បែងស៊ីសងខុសច្បាប់ និងមានសណ្ដាប់ធ្នាប់របៀបរៀបរយ ធានាបាននូវការរស់នៅប្រកបដោយភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ។
ថ្លែងក្នុងពិធីផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថាកិច្ចការភូមិឃុំសង្កាត់មានសុវត្ថិភាព គឺជាកិច្ចការសំខាន់ដែលយើងទាំងអស់គ្នាត្រូវរៀនសូត្រខ្លួនឯងផងនិងដកស្រង់បទពិសោធន៍ខ្លួនឯងផង ហើយសម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក៏ត្រូវជួយតម្រង់ទិសលើកិច្ចការនេះដល់អាជ្ញាធរនិងក្រុមការងារថ្នាក់មូលដ្ឋាននីមួយៗផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវគោលគំនិតមួយចំនួនដើម្បីពិចារណាបន្ថែមលើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដោយផ្សារភ្ជាប់ទៅនឹងតំបន់ឆ្នេរ គឺ ទី១: សន្តិភាពនិងស្ថិរភាពនយោបាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មិនអាចខ្វះបានក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព, ហើយកិច្ចការភូមិឃុំសង្កាត់មានសុវត្ថិភាពនិងកិច្ចការវិមជ្ឈការនិងវិសហមជ្ឈការគឺជាកិច្ចការសំខាន់ដើម្បីឈានសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ ២០៣០ និងឆ្នាំ ២០៥០, ទី២: ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានឱ្យបានគ្រប់គ្រាន់ដោយប្រើប្រាស់យុទ្ធសាស្ត្រធ្វើផ្លូវដើម្បីផ្ដល់ជីវិត ផ្ដល់ដង្ហើមសេដ្ឋកិច្ចនៅក្នុងខេត្តតំបន់ឆ្នេរ, ទី៣: ការសាងសង់ប្រព័ន្ធចែកចាយទឹកស្អាតនិងអគ្គិសនីឱ្យធានាបាននិរន្តរភាព ដើម្បីបង្កើនសក្តានុពលរោងចក្រនិងទេសចរណ៍នៅក្នុងខេត្តតំបន់ឆ្នេរ ជាពិសេសខេត្តកំពត, និងការវិនិយោគលើប្រព័ន្ធលូបង្ហូរទឹកកខ្វក់នៅកោះរ៉ុង និងកោះរ៉ុងសន្លឹមដើម្បីផ្ដល់ឱ្យសហគមន៍មានការងារធ្វើ ជាដើម។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចការភូមិឃុំសង្កាត់មានសុវត្ថិភាពគឺត្រូវគិតពីអ្វីដែលជាភាពជាក់ស្ដែង ដោយភ្ជាប់ជាមួយការជួយកែលម្អជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យប្រសើរឡើងផងដែរ៕










