ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងខិតខំប្រឹងប្រែងពន្លឿនដំណើរការចេញបណ្ណកម្មសិទ្ធិជូនដល់អតិថិជនបុរី ខេភី ម៉ន ដានី, បុរី ភីអ វីឡា និងបុរី វី អាយ ភី ដែលនៅសេសសល់ ឱ្យទទួលបានប័ណ្ណកម្មសិទ្ធិនាពេលឆាប់ៗខាងមុខនេះ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបានខិតខំជួយដោះស្រាយសម្របសម្រួលដើម្បីធ្វើយ៉ាងណាជំរុញឱ្យដំណើរការផ្ដល់បណ្ណកម្មសិទ្ធិជូនជូនអតិថិជនបុរី ខេភី ម៉ន ដានី បុរី ភីអ វីឡា និងបុរី វី អាយ ភី សម្រេចបានជោគជ័យក្នុងពេលឆាប់ៗ។
ថ្លែងក្នុងពេលចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ខេភី ម៉ន ដានី គម្រោងទី២៨ គម្រោងទី២៩ បុរី ភីអ វីឡា និងបុរី វី អាយ ភី ចំនួន ៥២៩បណ្ណ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបានខិតខំជួយដោះស្រាយសម្របសម្រួលដើម្បីធ្វើយ៉ាងណាជំរុញឱ្យដំណើរការផ្ដល់បណ្ណកម្មសិទ្ធិជូនដល់អតិថិជនបុរីខាងលើនេះ សម្រេចបានជោគជ័យក្នុងពេលឆាប់ៗ។ មុននឹងឈានដល់ការផ្តល់បណ្ណកម្មសិទ្ធនាពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំការវាស់វែងដីធ្លីនិងផ្ទៀងផ្ទាត់ទិន្នន័យឡើងវិញ និងជួយរៀបចំទូទាត់បំណុលរវាងម្ចាស់បុរីជាមួយនឹងម្ចាស់បំណុល ដើម្បីសម្របសម្រួលគ្នាបញ្ចប់វិវាទ។ ម្យ៉ាងទៀតក្រសួងក៏បានជួយដោះស្រាយស្វែងរកថវិកាដើម្បីជួយបញ្ចប់ការសាងសង់លំនៅឋានក្នុងបុរីទាំងនេះដែលម្ចាស់បុរីមិនមានលទ្ធភាពបន្តការសាងសង់ទៅមុខទៀតផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំដល់អតិថិជនបុរី ខេភី ម៉នដានី, បុរី ភីអ វីឡា, និងបុរី វី អាយ ភី ដែលមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិ សូមកុំអស់សង្ឃឹម និងសូមបន្តរង់ចាំពេលវេលាបន្តិចទៀតពីព្រោះក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នឹងខិតខំស្វះស្វែងជំរុញដំណើរការផ្ដល់ប័ណ្ណកម្មសិទ្ធិជូនអតិថិជនបុរីទាំងនេះឲ្យបានគ្រប់ៗគ្នាជាបន្តបន្ទាប់ក្នុងពេលឆាប់ៗ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា វិវាទបុរីដែលមាន ១៧០ គម្រោង ដែលក្រសួងបានទទួលពាក្យបណ្ដឹងនោះ នឹងត្រូវបានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្ដាំផ្ញើដល់អតិថិជនបុរីទាំង៣ខាងលើ ដែលទទួលបានបណ្ណកម្មសិទ្ធិនាពេលនេះ ត្រូវរួមគ្នាចងក្រងការរស់នៅជាក្រុមដែលមានលក្ខន្តិកៈនៃការរស់នៅ តាមបុរីឱ្យបានត្រឹមត្រូវដូចជា ការថែទាំផ្លូវ សួនច្បារសាធារណៈ ភ្លើងបំភ្លឺសាធារណៈ ការគ្រប់គ្រងសំរាម និងសន្តិសុខសណ្តាប់ធ្នាប់ជាដើម ដើម្បីរស់នៅជាសហគមន៍ក្នុងបុរីនេះប្រកបដោយសេចក្តីសុខ សុភមង្គល ភាពកក់ក្តៅនិងសុវត្ថិភាព។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏នឹងជួយសម្របសម្រួលដល់ប្រជាពលរដ្ឋជាអតិថិជនបុរីខាងលើនេះដែលមានតម្រូវការខ្ចីប្រាក់ពីធនាគារ ឱ្យពួកគាត់ទទួលបានអត្រាការប្រាក់ទាបនិងទទួលបានប្រាក់កម្ចីជាប្រាក់រៀលផងដែរ៕










