ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋដែលបានទិញដីឡូត៍របស់គម្រោងដីឡូត៍ ភូមិមរតក នៅខេត្តស្វាយរៀង ចំនួន ២០៧ប័ណ្ណ បន្ថែមទៀត ។
សូមគូសបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រសួងបានធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋដែលជាអតិថិជនគម្រោងនេះ ដែលលើកទី១ មានចំនួន ១២៩ប័ណ្ណ ហើយសរុបទាំងពីរលើកមានចំនួន ៣៣៦ប័ណ្ណ ។ ចំពោះដីឡូត៍ដែលនៅសេសសល់ ហើយត្រៀមរៀបចំបន្តចំនួន ៤៣៤ប័ណ្ណទៀត ក្រសួងនឹងបន្តដោះស្រាយជូននាពេលខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ទៅមុខទៀត ក្រសួងនឹងធ្វើការជាមួយរដ្ឋបាលខេត្តដើម្បីប្រែក្លាយគម្រោងដីឡូត៍នេះឱ្យទៅជាឧបសម្ព័ន្ធនៃភូមិដែលមានស្រាប់ ហើយសូមបងប្អូនសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក និងភ្លើង ធ្វើការដាំដើមឈើ ថែរក្សាអនាម័យ បរិស្ថានរស់នៅ ដើម្បីប្រែក្លាយភូមិឱ្យទៅជាភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។
ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាជនជាអតិថិជន គម្រោងដីឡូត៍ ភូមិមរតក នៅខេត្តស្វាយរៀង នាទីស្តីការក្រសួង។
៩ មករា ២០២៦










