ក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យស្ថានភាពនៃការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជួបជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលារៀនដុនបូស្កូ និង សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ដើម្បីស្តាប់ពីដំណើរការនៃការកសាងធនធានមនុស្សនៅក្នុងមូលដ្ឋាន និងតម្រូវការចាំបាច់នានា សម្រាប់បន្តលើកស្ទួយគុណភាពអប់រំនៅហ្នឹងកន្លែង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង ពិសេសសាលារៀនដុនបូស្កូដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈជូនបងប្អូនកូនក្មួយឱ្យសមត្ថភាពខ្ពស់ដែលអាចប្រកួតប្រជែងក្នុងទីផ្សារការងារ និងរួមចំណែកកសាងនិងអភិវឌ្ឍសង្គមជាតិ។ សាលារៀននេះ ជាគំរូនៃការបណ្តុះបណ្តាល និងការផ្លាស់ប្តូរផ្នត់គំនិតរបស់កោសិកាសង្គមកម្ពុជា។
ដើម្បីឈានទៅធ្វើការកែលម្អ និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ជាសាលារៀនកម្ពុជា យើងត្រូវរៀបចំផែនការមេអភិវឌ្ឍសាលារៀនឱ្យបានត្រឹមត្រូវ សម្រាប់ជាឧបករណ៍កែប្រែនូវឥរិយាបថ ផ្នត់គំនិត និងជាផែនទីបង្ហាញផ្លូវក្នុងការកសាងសាលារៀនឱ្យក្លាយជាថ្នាលបណ្តុះគ្រាប់ពូជរបស់សង្គមជាតិឱ្យមានសមត្ថភាព ចំណេះដឹង វាងវៃ ឆ្លាតវៃ សីលធម៌ ចរិយាធម៌ វិន័យ ថ្លៃថ្នូរ ជាពលរដ្ឋសកល។










