ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់បើកកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យពិគ្រោះយោបល់លើការរៀបចំកំណត់បទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារ និងសុវត្ថិភាពរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ សម្រាប់អ្នកសាងសង់នៅកម្ពុជា ក្នុងគោលដៅបង្កើនការរក្សាសុវត្ថិភាព ទប់ស្កាត់ហានិភ័យនានាទាក់ទិននឹងការផ្ទុះឆេះ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះមានរបៀបវារៈចំនួនពីរដែលត្រូវពិនិត្យពិគ្រោះយោបល់គឺបទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារនិងសុវត្ថិភាពរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ ដែលរបៀបវារៈទាំងពីរនេះគឺមានសារៈសំខាន់ក្នុងការបង្កើនការរក្សាសុវត្ថិភាព, ទប់ស្កាត់ហានិភ័យនានាទាក់ទិននឹងការផ្ទុះឆេះដែលបង្កឡើងដោយសារការរៀបចំប្រព័ន្ធឧស្ម័ននិងបណ្ដាញអគ្គិសនីក្នុងអគារមិនបានត្រឹមត្រូវ។
ថ្លែងក្នុងកិច្ចប្រជុំលើកទី៣របស់ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់មានតួនាទីភារកិច្ចដាក់នូវបទប្បញ្ញត្តិទាំងឡាយជូនដល់សមាជិក សមាជិកា ជាតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានមតិយោបល់យកទៅអនុម័តឱ្យបានសមស្របចៀសវាងកំហុសឆ្គងផ្សេងៗ និងស្របតាមការវិវត្តនៃសង្គម សេដ្ឋកិច្ចនិងវប្បធម៌របស់សង្គមកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់គួរតែរៀនសូត្រពីអ្វីដែលល្អៗទាក់ទិនទៅនឹងបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារនិងសុវត្ថិភាពរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ ពីបណ្ដាប្រទេសមួយចំនួនដែលមានជំនាញ មានភាពប៉ិនប្រសប់ ក្នុងការរៀបចំបច្ចេកទេសទាំងនេះដែលមានគុណភាព ចំណាយតិច ចំណេញច្រើននិងកែសម្រួលឱ្យសមស្របតាមបរិបទនៃសង្គមកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់គួរតែបង្កើតនូវវប្បធម៌មួយដែលអាចពង្រីកឱ្យដល់សាស្ត្រាចារ្យបង្រៀននៅតាមសាលារៀនដើម្បីបណ្ដុះផ្នត់គំនិតរបស់សិស្សក្នុងការធ្វើអ្វីមួយកុំខ្ជះខ្ជាយ អាចប្រើប្រាស់បានយូរអង្វែង ជាផលិតផលរបស់ខ្មែរដែលបង្កើតឡើងដោយខ្មែរ និងអាចដកស្រង់គំរូ និងបទពិសោធន៍មួយចំនួនពីបណ្ដាប្រទេសដែលមានភាពប៉ិនប្រសប់ ក្នុងការរៀបចំបទបញ្ញត្តិបច្ចេកទេសទាំងនេះ ដើម្បីរៀបចំតាក់តែងបទបញ្ញត្តិបច្ចេកទេសទាក់ទិននឹងវិស័យសំណង់សម្រាប់អនុវត្តនៅប្រទេសកម្ពុជាឱ្យបានល្អប្រសើរ៕










