ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះអនុស្សរណៈយោគយល់គ្នាជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CFCC) ដែលជាកិច្ចសហប្រតិបត្តិការគំរូមួយ បង្ហាញពីការប្រកាន់យកនូវវប្បធម៌សន្ទនា វប្បធម៌នៃការយោគយល់គ្នា និងធ្វើការរួមគ្នាដើម្បីសង្គមជាតិយើងទាំងមូល
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CFCC) នាពេលនេះថាជាកិច្ចសហប្រតិបត្តិការគម្រូមួយ បង្ហាញពីការប្រកាន់យកនូវវប្បធម៌សន្ទនា វប្បធម៌នៃការយោគយល់គ្នា និងធ្វើការរួមគ្នាដើម្បីសង្គមជាតិយើងទាំងមូល។
ថ្លែងក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
តាមរយៈអនុស្សរណៈយោគយល់គ្នានាពេលនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថាសម្ព័ន្ធសហគមន៍កសិករកម្ពុជានឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយងាកមកគិតគូរ ពីការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យប្រសើរឡើង គិតគូរពីក្រុមគ្រួសារនៅតាមភូមិ ដោយកំណត់នូវតម្រូវការចាំបាច់ដែលយើងអាចជួយគាំទ្រពួកគាត់បាន ដែលជាកិច្ចការដ៏ត្រឹមត្រូវសម្រាប់ជួយកសិករយើង ធ្វើយ៉ាងណាឱ្យពួកគាត់មានលំនៅឋានរស់នៅសមរម្យ ម្ហូបលើតុ មានប្រាក់សន្សំ កូនទៅរៀន និងមានពេលវេលាលំហែជួបជុំគ្រួសារ ដែលនេះជាផ្នែកមួយជួយកសាងខឿនសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំ។
សូមបញ្ជាក់ថា សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CFCC) ជាស្ថាប័នសមាជិកភាព ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ខែមករា ឆ្នាំ២០១១ ដោយសហគមន៍កសិករកម្រិតថ្នាក់មូលដ្ឋាន ដែលធ្វើការរួមគ្នាក្នុងគោលបំណង ដោះស្រាយបញ្ហាដីធ្លី ធនធានធម្មជាតិ និងការបណ្តេញដោយបង្ខំដែលកើតចេញពីគម្រោងអភិវឌ្ឍនានាដែលប៉ះពាល់ដល់ការរស់នៅរបស់កសិករ។ទស្សនវិស័យរបស់សម្ព័ន្ធសហគមន៍កសិករកម្ពុជាគឺ ចង់ឃើញប្រជាកសិកររស់នៅក្នុងជីវភាពសមរម្យថ្លៃថ្នូរ មានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួម កែលម្អឱ្យមានអភិបាលកិច្ចមូលដ្ឋាន៕










