វេទិកាជាតិលើកទី៣ស្ដីពី ទីក្រុងលំនៅឋាន “ការកសាងអនាគតទីក្រុងកម្ពុជា៖ ផលិតភាពនិងភាពធន់ ជាមួយប្រព័ន្ធលំនៅឋានប្រកបដោយបរិយាបន្ន”
បន្ទាប់ពីបញ្ចប់ការចុះបញ្ជីដីធ្លីដែលបង្កើនសុវត្ថិភាពក្នុងការកាន់កាប់អចលនទ្រព្យច្រើនជាងមុន នេះជាពេលវេលាដែលយើងត្រុវគិតគូរពីការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំក្រុងឱ្យជាទីក្រុងស្រួលរស់នៅ ជាទីក្រុងប្រកបដោយសិល្បៈ វប្បធម៌ អរិយធម៌ មានមនុស្សប្រកបដោយចំណេះដឹង ដែលផ្តោតលើ៖
- ការកំណត់និងបែងចែកតំបន់៖ តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ទីប្រជុំជន
- ការរៀបចំរបៀងនិងប៉ូលសេដ្ឋកិច្ច៖ រាជធានីភ្នំពេញ តំបន់ឆ្នេរ តំបន់ទេសចរណ៍ ស្បៀងនិងម្ហូបអាហារ តំបន់ឦសាន តំបន់ឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មគាំទ្រ
- ការកសាងក្រុងនិងទីប្រជុំជន៖ ផ្អែកលើគោលនយោបាយគណៈកម្មាការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងគណៈកម្មាការផលិតភាពកម្ពុជា ដោយរៀបចំជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល
- ការកាត់បន្ថយការកកស្ទះក្នុងរាជធានីភ្នំពេញ
- ការកាត់បន្ថយការជន់លិចក្នុងរាជធានីភ្នំពេញ
- ការដោះស្រាយសំណង់មិនរៀបរយ និងអគារចាស់ទ្រុឌទ្រោម
- គម្រោងកែលម្អក្រុង រៀបចំសួននិងលំហសាធារណៈ
- ដង្ហើមសេដ្ឋកិច្ចក្រុង
សូមគូសបញ្ជាក់ថា វេទិកានាថ្ងៃនេះជាការបើកឱកាសដទៃទៀតសម្រាប់យើង និងដើម្បីយើងអាចធ្វើការរួមគ្នាដោយមានការឯកភាពគ្នាពីគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូពាក់ព័ន្ធ ទៅលើការរៀបចំក្រុង និងលំនៅឋាននៅកម្ពុជា ឱ្យជាទីក្រុងមានជីវិតនិង សំដៅធានាការអភិវឌ្ឍន៍ស្រុកទេសឱ្យរីកចម្រើនទៅមុខ។










