កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាច្រើន ក្នុងការវាស់វែងចុះបញ្ជីដីធ្លី។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពវាងវៃ ប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគតប្រជាជាតិកម្ពុជា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចផែនការ មកសេដ្ឋកិច្ចទីផ្សារ នាចុងទសវត្សរ៍ទី៨០ ការផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋកម្ពុជា គឺជាជំហានដ៏យុទ្ធសាស្ត្រមួយ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជារួម និងជាប្រាក់ចំណូលនិងភាពមានបានរបស់សង្គមកម្ពុជា និយាយដោយឡែក។ ឆ្នាំ១៩៨៥ ដែលជាចំណុចរបត់ដ៏សំខាន់ពីសេដ្ឋកិច្ចសមូហភាព (ក្រុមសាមគ្គី) មកជាការគ្រប់គ្រងដីធ្លីលក្ខណៈគ្រួសារ និងបានអនុវត្តនៅឆ្នាំ១៩៨៩ បន្ទាប់ពីរដ្ឋសភានៅពេលនោះបានអនុម័ត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨៩។
ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ក្នុងការអនុវត្តការងារចុះបញ្ជីនិងចេញបណ្ណលើកដំបូង ដោយផ្តើមចេញពីការបដិសេធការទាមទារកម្មសិទ្ធិមុនឆ្នាំ១៩៧៩ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីផ្តល់កម្មសិទ្ធិឯកជនលើវិស័យដីធ្លីជូនប្រជាពលរដ្ឋស្របច្បាប់ ដែលនេះគឺ “លោកឪពុកចែកទ្រព្យសម្បត្តិជូនកូនៗ”។
ផ្លែផ្កានៃការធ្វើកំណែទម្រង់នេះ បានអនុញ្ញាតឱ្យកម្ពុជាធ្វើការចុះបញ្ជីដីធ្លីទាំងស្រុង និងបញ្ចប់វិវាទ។
ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នេះ ក្រោមការដឹកនាំប្រកបដោយថាមពល និងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវ “យុទ្ធនាការចុះបញ្ជីដីបង្ហើយ” ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យ។ តាមរយៈការបញ្ចប់ការងារវាស់វែងដីធ្លីនៅកម្ពុជា យើងបង្កើតបាននូវភាពច្បាស់លាស់ កាត់បន្ថយជម្លោះលើព្រំកាន់កាប់ដីធ្លី ផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ លើកកម្ពស់តម្លៃសេដ្ឋកិច្ច គុណតម្លៃនៃអចលនទ្រព្យ និងកសាងបាននូវសង្គមសុខដុមនៅកម្ពុជា។
ដីធ្លីបានក្លាយទៅជាឧបករណ៍សម្រាប់ធ្វើពាណិជ្ជកម្ម (Commodity) ប្រកបដោយសុវត្ថិភាព ដែលជាពាងទឹកមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់ សម្រាប់ធានាដំណើរការរបស់សង្គមជាតិ។
ក្រសួងបានវាស់វែងនិងចុះបញ្ជីដីធ្លីប្រមាណ ១៤លានក្បាលដី ក្នុងនោះ ដីលំនៅឋាន ប្រមាណ ៥,៦លានក្បាលដី (ប្រមាណ ៣៨%) និងដីកសិកម្ម ប្រមាណ ៨លានក្បាលដី (ប្រមាណ ៥៥%)។ ជាមួយគ្នានេះ ការងារចែកបណ្ណគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ដែលជាពេលវេលាសមស្របជាយុទ្ធសាស្ត្រ ដើម្បីប្រជាពលរដ្ឋទូទាំងប្រទេស និងរាជរដ្ឋាភិបាល រួមគ្នាប្រារព្ធពិធីអបអរសាទរ ខួប ៤០ឆ្នាំ (១៩៨៩-២០២៩) នៃការផ្តល់កម្មសិទ្ធិឯកជនលើវិស័យដីធ្លីជូនប្រជាពលរដ្ឋ ដែលបានផ្តួចផ្តើមដំបូងដោយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលជានិច្ចកាល សម្តេចតេជោ តែងតែគិតគូរ និងតម្កល់ប្រយោជន៍របស់ប្រជាជនកម្ពុជាជាធំ តាំងពីដើមរៀងមក។









