សារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបកំណើតរបស់ សម្តេចមហាបវរធិបតី គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ យើងខ្ញុំ ទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមសម្ដែងនូវមនោសញ្ចេតនាគោរពជូននូវសព្ទ សាធុការពរជូនចំពោះ សម្តេចមហាបវរធិបតី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គលក្នុងក្រុមគ្រួសារ និងបន្តសម្រេចបានជោគជ័យ ដោយឈរលើស្មារតីពូនជ្រំនូវមរតកដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” ព្រះបិតាឯករាជ្យ និងគាំទ្រគោលនយោបាយយុទ្ធសាស្ត្រ និងសមិទ្ធផលនានាដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងបេសកកម្មដ៏មហាបវរថ្លៃថ្លាជាបន្តរបស់សម្តេចមហាបវរធិបតី សម្រាប់ឧត្តមប្រយោជន៍ជូនជាតិនិងមាតុភូមិកម្ពុជា។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តប្ដេជ្ញាឆ្លើយតបនឹងដំណើររបស់កម្ពុជា ពីការកសាងបាននូវឯករាជ្យជាតិ ការរក្សាបាននូវសុខសន្តិភាព ឆ្ពោះទៅការកសាងកម្ពុជាសហសម័យប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ វឌ្ឍនភាពសង្គម ដោយប្រែក្លាយការចុះបញ្ជីបណ្ណសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសមិនមានវិវាទ ទៅជាឫសរយាងដើម្បីទ្រទ្រង់ឫសកែវនៃសុខសន្តិភាព។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនត្រ័យកែវទាំងបី សូមតាមជួយថែរក្សាបីបាច់ និងប្រោះព្រំសព្ទ សាធុការពរ សិរីសួស្ដី ជ័យមង្គល បវរមហាប្រសើរជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ៕