ដំណើរទស្សនកិច្ចរបស់វិនិយោគិនជប៉ុនមកកម្ពុជាលើកនេះគឺជាកិច្ចចាប់ផ្តើមរវាងកម្ពុជា ជប៉ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងស្អិតរមួតជាមួយគ្នាដើម្បីធ្វើកិច្ចសហការលើវិស័យជាច្រើនបន្ថែមទៀត
(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Hiroto IZUMI ទីប្រឹក្សាមជ្ឈមណ្ឌលសំណង់ជប៉ុន (Advisor the Building Center of Japan) និងជាអ្នករៀបចំគោលនយោបាយលើវិស័យលំនៅឋានជប៉ុន ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង គណៈប្រតិភូក្រុមហ៊ុនឯកជនជប៉ុន នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រទេសជប៉ុន ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយស្វែងរកសន្តិភាពឱ្យកម្ពុជា និងជួយស្ដារគ្រប់ខឿនទាំងអស់នៃសង្គមសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជានិងជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាអស់រយៈពេល ៧០ឆ្នាំ មកហើយ និងបានពង្រីកទំនាក់ទំនងដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តថា នៅក្នុងវិស័យដីធ្លី កម្ពុជាកំពុងជំរុញការចុះបញ្ជីចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋក្នុងចំនួនក្បាលដីប៉ាន់ស្មានសរុបប្រមាណ ៥លានក្បាលដីទៀត ដែលកន្លងមកនៅក្នុងវិស័យនេះ ជប៉ុនបានផ្តល់សម្ភារបច្ចេកទេសក្រោមទឹកប្រាក់ជាច្រើន ដើម្បីជួយពន្លឿនការចុះបញ្ជីដីធ្លីនៅកម្ពុជា ដែលជាការងារអាទិភាពសម្រាប់អាណត្តិថ្មីនេះ ដាក់ចេញដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូជប៉ុនថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ គឺជាការបោះឆ្នោតលើកទី១ នៅកម្ពុជា ដែលបានប្រព្រឹត្តទៅយ៉ាងរលូន ហើយការផ្លាស់ប្តូរតំណែងនាយករដ្ឋមន្ត្រី ពី សម្តេចតេជោ មក សម្តេចធិបតី ធ្វើឡើងក្នុងសុខសន្តិភាព។ កម្ពុជាបានធ្វើដំណើរដ៏វែងឆ្ងាយពីព្រះករុណាព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ ជា “បិតាឯករាជ្យជាតិ” បន្តមក សម្តេចតេជោ ជា “បិតាសន្តិភាព” រហូតមកដល់សហសម័យកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបើកទំព័រសករាជថ្មី។ វប្បធម៌នៃសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យបានចាក់ឫសក្នុងក្រអៅបេះដូងនៃប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ហើយចលនាជ្រុលនិយមក៏ត្រូវបានបញ្ចប់។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរទៅភាគីជប៉ុនជួយលើការងារជំនាញរបស់ក្រសួងដូចជា៖ ការពិនិត្យលទ្ធភាពតភ្ជាប់រូបភាពពីផ្កាយរណប (Satellite Image) តាមរយៈស្ថានីយ JAXA ជប៉ុន ដើម្បីក្រសួងអាចអភិវឌ្ឍប្រព័ន្ធទិន្នន័យសម្រាប់កសាង និងសិក្សាពីភូមិសាស្ត្រ , ការផលិតផែនទីឯកភាពរួមមួយ ដែលគ្របដណ្តប់ទូទាំងប្រទេសជាទម្រង់ឌីជីថល, ការធ្វើការសហការជាមួយធនាគារ និងសមាគមលំនៅឋាននៅកម្ពុជា ដោយគាំទ្រដល់ការរៀបចំប្រព័ន្ធកម្ចីហិរញ្ញប្បទានបៃតង ដែលមានអត្រាការប្រាក់ទាប, ចែករំលែកចំណេះដឹង និងបទពិសោធន៍អំពីការរៀបចំនិងការកសាងលំនៅឋានតម្លៃសមរម្យជូនមន្ត្រីរាជការ និងប្រជាជនដែលមានចំណូលទាប, បន្តផ្តល់យោបល់លើការរៀបចំលិខិតបទដ្ឋានគតិយុត្ត ក្នុងការកសាងបទប្បញ្ញត្តិបច្ចេកទេសសំណង់ ព្រមទំាងបន្តផ្តល់ជំនួយសម្ភារបច្ចេកទេសក្នុងវិស័យសំណង់និងការបណ្តុះបណ្តាលដល់មន្ត្រីជំនាញ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំចំពោះដំណើរទស្សនកិច្ចរបស់វិនិយោគិនជប៉ុនមកកម្ពុជាលើកនេះ គឺជាកិច្ចចាប់ផ្តើមរវាងកម្ពុជា-ជប៉ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងស្អិតរមួតជាមួយគ្នា ដើម្បីធ្វើកិច្ចសហការលើវិស័យជាច្រើនបន្ថែមទៀត។
នៅក្នុងជំនួបនេះ លោកបណ្ឌិត Hiroto IZUMI សូមថ្លែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំជំរុញការងារចុះបញ្ជីដីធ្លីសម្រេចតាមផែនការដែលបានកំណត់។ ជាការឆ្លើយតបនឹងសំណូមពររបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកបណ្ឌិត IZUMI មានប្រសាសន៍ថា ជប៉ុនគាំទ្រលើគោលគំនិតនៃការប្រើប្រាស់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដើរដោយផ្កាយរណប (CORS) សម្រាប់ជាគ្រឹះជំរុញការចុះបញ្ជីដីធ្លី។ លោកបណ្ឌិតបានចែករំលែកបទពិសោធនៃការកសាងលំនៅឋានជូនប្រជាពលរដ្ឋនៅប្រទេសជប៉ុន ថាការងារនេះត្រូវពឹងផ្អែកលើសសរស្តម្ភ ៣ ធំៗដូចជា៖ (ទី១)រដ្ឋបាលកណ្តាល ជាអ្នកបង្កើតទីក្រុងថ្មី (ទី២)រដ្ឋបាលមូលដ្ឋាន ជាអ្នកកសាងលំនៅឋានជាផ្ទះរដ្ឋសម្រាប់ពលរដ្ឋមានចំណូលទាប និង (ទី៣) រដ្ឋបាលកណ្តាលបង្កើតផ្នែកហិរញ្ញវត្ថុផ្តល់ជាជំនួយដល់ការអភិវឌ្ឍលំនៅឋាន។
លោកបណ្ឌិត IZUMI បានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការផ្តល់ឱកាសពិភាក្សាការងារនេះ និងទទួលពាំនាំការចែករំលែកព័ត៌មាន និងសំណូមពរខាងលើនេះ ជូនទៅឯកឧត្តមរដ្ឋមន្រ្តីនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ជប៉ុន (MoLIT) ហើយនឹងត្រៀមទទួលដំណើរទស្សនកិច្ចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសជប៉ុននាខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យមានដំណើរការល្អប្រសើរ និងប្រកបដោយផ្លែផ្កា៕