ជំនួបជាមួយគណៈស្ថាបត្យករ និងគណៈវិស្វករកម្ពុជា គឺជាកិច្ចចាប់ផ្ដើមដ៏ល្អក្នុងការពិភាក្សា ឈ្វេងយល់ពីគ្នាទៅវិញទៅមក និងកំណត់ទិសដៅដែលត្រូវអនុវត្តរួមគ្នា សំដៅបង្កើនប្រសិទ្ធភាពការងារ និងសម្រេចគោលដៅដែលបានគ្រោងទុកការជួបជុំគ្នានាពេលនេះគឺជាកិច្ចចាប់ផ្ដើមដ៏ល្អក្នុងការពិភាក្សា និងឈ្វេងយល់ពីគ្នាទៅវិញទៅមក និងកំណត់ទិសដៅសម្រាប់អនុវត្តរួមគ្នា សំដៅបង្កើនប្រសិទ្ធភាពការងារ និងសម្រេចគោលដៅដែលបានគ្រោងទុក
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជួបសំណេះសំណាលជាមួយគណៈស្ថាបត្យករ និងគណៈវិស្វករកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះគឺជាកិច្ចចាប់ផ្ដើមដ៏ល្អក្នុងការពិភាក្សា ស្វែងយល់ពីគ្នាទៅវិញទៅមក និងកំណត់ទិសដៅដែលត្រូវអនុវត្តរួមគ្នា សំដៅបង្កើនប្រសិទ្ធភាពការងារ និងសម្រេចគោលដៅដែលបានគ្រោងទុក ដោយយល់ឃើញថា រាល់ការគ្រប់គ្រងលើផ្នែក ឬជំនាញវិជ្ជាជីវៈនីមួយៗដូចជា ស្ថាបត្យករ និងវិស្វករជាដើម គឺមានលក្ខណៈរបៀបរបបខុសៗគ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានរម្លឹកអំពីដំណាក់កាលជាច្រើន ដែលកម្ពុជាធ្លាប់បានឆ្លងកាត់នៅក្នុងប្រវត្តិសាស្ត្រ ក្នុងនោះមានការកសាងប្រាសាទអង្គរវត្ត ដែលជាស្នាដៃស្ថាបត្យកម្មកំពូលរបស់បុព្វបុរសខ្មែរ ព្រមទាំងដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនទៀតដូចជា ដំណើរស្វែងរកសន្តិភាពឱ្យប្រជាជនកម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះ និងការរក្សាបាននូវស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រជាដើម ក្នុងគោលបំណងឆ្លុះបញ្ចាំងដល់អ្នកចូលរួម ឱ្យបានសិក្សាឈ្វេងយល់ និងទុកជាបទពិសោធន៍សម្រាប់ធ្វើយ៉ាងណាជ្រើសរើសផ្លូវដើរដ៏ល្អ ក្នុងការតម្រង់ទិសលើការអនុវត្តការងារជំនាញរបស់ខ្លួននាពេលខាងមុខឱ្យបានល្អប្រសើរ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំស្ថាបត្យករ និងវិស្វករ ថែរក្សាសុខភាពឱ្យបានល្អ និងត្រូវចេះគិតគូរច្នៃប្រឌិតនូវអ្វីដែលជាជំនាញរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ៕