គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារ និងអាទិភាពគោលនយោបាយទាំង ១៥ចំណុចរបស់ក្រសួង ក្នុង អាណត្តិទី៧ នៃរដ្ឋសភា ជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា
ដោយផ្តើមចេញពីដំណើររបស់កម្ពុជា រហូតមានសុខសន្តិភាពដូច ពេលបច្ចុប្បន្ន នៅក្នុងអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តវិធានការគោលនយោបាយចំពោះមុខ ៣ចំណុច មានការពន្លឿនការងារចុះបញ្ជីដីរដ្ឋ និងការចេញបណ្ណ ការងារដោះស្រាយវិវាទដីធ្លី និងការផ្តល់សេវាសាធារណៈ។ បន្ថែមពីនេះក្រសួងក៏បានកំណត់អាទិភាពគោលនយោបាយ ១៥ចំណុច ដោយឈរលើយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់ជាអាទិ៍ ៖ ការរៀបចំគោលនយោបាយ កសាងស្ថាប័ន រដ្ឋបាលសាធារណៈទំនើប ការលើកកម្ពស់សេវាសាធារណៈទំនើប (គ្រប់គ្រងទិន្នន័យ) ការចុះបញ្ជីដីធ្លី ការរៀបចំដែនដី នគរូបនីយកម្ម ស្ថាបត្យកម្មខ្មែរសហសម័យ ផ្ទះសម្បែងតម្លៃសមរម្យ ការអភិវឌ្ឍធនធានមនុស្សក្នុង/ក្រៅស្ថាប័ន និងការលើកកម្ពស់កិច្ចការឃោសនាអប់រំជូនមហាជន ។ល។
ជាការឆ្លើយតប លោកជំទាវប្រធានអង្គប្រជុំ បានថ្លែងកោតសរសើរ និងសាទរចំពោះសមិទ្ធផលក្រសួងសម្រេចបាន ពិសេសការចុះបញ្ជីដីធ្លី ចេញបណ្ណជូនប្រជាជន ដែលការនេះបង្ហាញពីការជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាធានាបាននូវប្រសិទ្ធភាពប្រតិបត្តិច្បាប់ ការធ្វើវិសោធនកម្មច្បាប់ ស្របនឹងតថភាពសង្គម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់ក្រសួងផងដែរ ៕
វិមានរដ្ឋសភា, ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤