ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាករណីអាងទឹកដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដោយមានការចូលរួមពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានដឹកនាំកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងក្រសួងធនធានទឹកនិងឧតុនិយម ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ឯកឧត្តមបានលើកឡើងថា កិច្ចការរៀបចំដែនដីនិងការចុះបញ្ជីដីធ្លី មិនអាចអនុវត្តតែម្នាក់ឯងបានទេគឺត្រូវមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទើបការងារដំណើរការដោយរលូននិងមានប្រសិទ្ធភាព។ ការចុះបញ្ជីដីធ្លីគឺជាការបង្កើតបរិយាកាសមិនមានវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជានិងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ដែលកត្តានេះពិតជានឹងអាចកាត់បន្ថយភាពក្រីក្រដែលជាគោលដៅក្នុងគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលខេត្តស្វាយរៀងឱ្យគិតគូរអំពីការរៀបចំប្លង់គោល ការរៀបចំក្រុង ផ្ទះសម្បែង ដីធ្លីសម្រាប់កសិកម្ម ផ្លូវថ្មើរជើងនិងលំហសាធារណៈស្របតាមសក្តានុពលរបស់ខេត្តដើម្បីអភិវឌ្ឍន៍ខេត្តនេះឱ្យក្លាយជាទីកន្លែងដែលមានបរិយាកាសប្រកបដោយផាសុកភាពនិងផ្ដល់សុខមាលភាពក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋផងដែរ។
ជាមួយនេះឯកឧត្តម បានលើកឡើងអំពីសេវាគាប់ចិត្តដែលដំណើរការតាមប្រព័ន្ធឌីជីថលផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទទួលសេវាកម្មបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលមានអ៊ីនធឺណិត។ ឯកឧត្តម បានគូសបញ្ជាក់អំពីការងារជាយុទ្ធសាស្ត្ររបស់ក្រសួងជូនដល់មន្ត្រីនិងរដ្ឋបាលស្រុកក៏ដូចជារដ្ឋបាលខេត្តស្វាយរៀងដើម្បីចូលរួមពង្រឹងកិច្ចសហការ ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងអោយបានល្អ ដោយត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តតាមគោលនយោបាយ និងកិច្ចសហការគាំទ្រពីមន្ត្រីជាអ្នកប្រតិបត្តិ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋផងដែរ នោះទើបការងារចុះបញ្ជីដី ទាំងការចុះបញ្ជីដីសាធារណៈរបស់រដ្ឋ ដីឯកជនរបស់រដ្ឋ ដីប្រជាពលរដ្ឋ ដីឯកជន ដីតំបន់ការពារ ដីកសិកម្មនិងការចុះបញ្ជីដីប្រវត្តិសាស្ត្រយោធា អាចដំណើរការបានដោយរលូននិងមានប្រសិទ្ធភាពឆាប់រហ័សស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា អង្គប្រជុំបានស្នើសុំចុះបញ្ជីដីរដ្ឋតាមនីតិវិធីពិសេស ទៅលើ អាងទឹកមួយចំនួនដែលមានសក្តានុពលប្រភពទឹកសម្រាប់ប្រើប្រាស់វិស័យកសិកម្មនិងទឹកស្អាត ដូចជា : អាងទឹកអូរស្មាច់ ទំហំប្រមាណ ៦៣៣,៤៤៨ហិកតា ស្ថិតនៅស្រុកស្វាយជ្រុំនិងក្រុងស្វាយរៀង អាងទឹកវ៉ៃគោ ទំហំប្រមាណ ១៧៧៨,៨៩ហិកតា ស្ថិតនៅស្រុកស្វាយជ្រុំ រំដួលនិងក្រុងស្វាយរៀង អាងទឹកដូនទយ អាងទឹកធ្លកកំបុត អាងទឹកស្វាយយា អាងទឹកបាធូ ទំហំប្រមាណ១៦៤០,៧៤១ហិកតា ស្ថិតនៅស្រុកកំពង់រោទិ៍និងស្រុកចន្ទ្រា អាងទឹកព្រែកនាល ទំហំប្រមាណ ៦៨១,៩៨៨ហិកតា ស្ថិតនៅក្រុងស្វាយរៀង ស្រុកស្វាយជ្រុំនិងស្រុកកំពង់រោទ៍ ព្រែកតាពៅ ទំហំប្រមាណ ១៨០,៥១៥ហិកតា ស្ថិតនៅក្រុងបាវិត អាងទឹកត្រដែត ទំហំប្រមាណ ១១៦,០៦៩ហិកតា ស្ថិតនៅក្រុងស្វាយរៀង ស្រុកស្វាយទាបនិងស្រុកកំពង់រោទ៍ អាងទឹកវ៉ៃគោក្រោម ទំហំប្រមាណ ៧៨ហិកតាស្ថិតនៅស្រុកស្វាយជ្រំនិងក្រុងស្វាយរៀង ព្រែកកំពង់ចម្លង ទំហំប្រមាណ៧៦ហិកតា ស្ថិតនៅស្រុកស្វាយជ្រំនិងក្រុងស្វាយរៀង និងដីចម្ការព្រៃកូនគគីរ ទំហំ ៤០៥ ហិកតាស្ថិតនៅក្រុងបាវិត៕