ដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារជំរុញរៀបចំប្លង់គោលប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដីថ្នាក់ក្រុង ស្រុក នៃខេត្តកណ្តាល
ឯកឧត្តមរដ្ឋលេខាធិការ ប៉ែន សុផល និង ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារជំរុញរៀបចំប្លង់គោលប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដីថ្នាក់ក្រុង ស្រុក នៃខេត្តកណ្តាល។ ជាលទ្ធផលអង្គប្រជុំបានសម្រេចដាក់ចេញផែនការអនុវត្តបន្ត រួមមាន៖
១. ផែនការរូបវន្តសម្រាប់ថ្នាក់ក្រុង/ស្រុកនៃខេត្តកណ្តាល ត្រូវគិតគូអំពីការរៀបចំប្លង់គោលទីក្រុងឆ្លាត និងជាទីក្រុងគួរឱ្យចង់រស់នៅ សក្តានុពលដែលអាចប្រើប្រាស់សម្រាប់ការអភិវឌ្ឍ និងបង្កើតទីផ្សារនៅនឹងមូលដ្ឋាន ការប្រកបរបរចិញ្ចឹមជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការរក្សា និងលើកកម្ពស់គុណតម្លៃអត្តសញ្ញាណមូលដ្ឋាននិងជាតិ។ ផែនការបម្លាស់ទី ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបន្ស៊ីជាមួយផែនការមេប្រព័ន្ធដឹកជញ្ជូនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
២. ការងាររៀបចំប្លង់គោល និងផែនការប្រើប្រាស់ដី ត្រូវបែងចែកជាបីជំហាន គឺ៖
– ជំហាន១៖ ធ្វើបច្ចុប្បន្នភាពប្លង់ជាក់ស្តែង (ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងប្លង់ប្រើប្រាស់ដី)
– ជំហាន២៖ រៀបចំប្លង់សម្រាប់អនាគត ដោយគិតគូរវិស័យស្នូលទាំង៥ រួមមាន សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន វប្បធម៌ និងធនធានធម្មជាតិ
– ជំហាន៣៖ ធ្វើការបូកសរុបលទ្ធផលបញ្ចូលគ្នា ដើម្បីកំណត់ចក្ខុវិស័យសម្រាប់ឆ្នាំ២០៥០។
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាប្រធានក្រុមការងារទទួលបន្ទុកក្រុង/ស្រុកទាំង១៣ តំណាងរដ្ឋបាលខេត្តកណ្តាល និងមន្ទីរអង្គភាពពាក់ព័ន្ធសរុបប្រមាណ ១០០រូប។