ក្រុមការងាររាជរដ្ឋាភិបាល បើកកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើការងារផ្គត់ផ្គង់និងតភ្ជាប់បណ្ដាញទឹកស្អាតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកំពតនិងខេត្តកែប ដើម្បីធានានូវការផ្គត់ផ្គង់ទឹកស្អាតឱ្យបានពេញលេញស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ខេត្តកំពតនិងខេត្តកែប បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះគឺដើម្បីជជែកពិភាក្សាផ្លាស់ប្ដូរមតិយោបល់ ស្វែងរកការឯកភាពគ្នាចូលរួមសហការដោះស្រាយបញ្ហាការងារផ្គត់ផ្គង់និងតភ្ជាប់បណ្ដាញទឹកស្អាតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកំពតនិងខេត្តកែប ហើយអាចនឹងឈានដល់ខេត្តកោះកុងផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើការងារផ្គត់ផ្គង់និងតភ្ជាប់បណ្ដាញទឹកស្អាតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកំពតនិងខេត្តកែប ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ខេត្តកំពតនិងខេត្តកែប បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះគឺដើម្បីជជែកពិភាក្សាផ្លាស់ប្ដូរមតិយោបល់ ស្វែងរកការឯកភាពគ្នាចូលរួមសហការដោះស្រាយបញ្ហាការងារផ្គត់ផ្គង់និងតភ្ជាប់បណ្ដាញទឹកស្អាតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកំពតនិងខេត្តកែប ហើយអាចនឹងឈានដល់ខេត្តកោះកុងផងដែរ។
ក្រោយពីបានជជែកពិភាក្សាផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមករវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹកនិងឧតុនិយម រួមនិងក្រុមការងាររួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ខេត្តកំពតនិងខេត្តកែប បានស្នើដល់ប្រធានក្រុមការងារទាំងអស់ពេលត្រឡប់ទៅវិញសូមប្រើប្រាស់សាលាកប័ត្រផែនទីនៃការប្រើប្រាស់ដី ក្នុងការវាយតម្លៃក្នុងកម្រិតឃុំថាតើតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការតបណ្ដាញផ្គត់ផ្គង់ទឹកស្អាតនេះមានត្រឹមកម្រិតណា, ដើម្បីងាយស្រួលក្នុងការឆ្លើយតបនូវតម្រូវការទាំងនេះអោយបានពេញលេញ, បន្ទាប់ពីនេះត្រូវសហការគ្នាពិនិត្យមើលការស្តារប្រភពទឹកទាំងអស់ ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្រុមការងារនឹងពិនិត្យលទ្ធភាពសម្របសម្រួលឱ្យមានការតភ្ជាប់បណ្ដាញទឹកស្អាតតាមបណ្ដោយផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញកាត់តាមខេត្តកំពង់ស្ពឺទៅកាន់ខេត្តព្រះសីហនុ និងកាត់តាមស្រុកព្រៃនប់មកកាន់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ដោយជាយុទ្ធសាស្ត្រយូរអង្វែងអាចនឹងកសាងប្រភពទឹកមួយទៀតនៅម្ដុំទីសក្ការះលោកយាយម៉ៅ ដែលការតភ្ជាប់បណ្ដាញទឹកស្អាតខ្វាត់ខ្វែងនេះអាចនឹងចំណាយថវិកាអស់ប្រមាណ ២៥ លានដុល្លារអាមេរិក។ ការតភ្ជាប់ការផ្គត់ផ្គង់បណ្ដាញទឹកស្អាត អគ្គិសនី ផ្លូវថ្នល់ និងការបង្កើតដង្ហើមសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគិតគូរយកចិត្តទុកដាក់ខ្លាំងបំផុត ក្នុងគោលដៅធ្វើយ៉ាងណាប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋឱ្យល្អប្រសើរ រស់នៅប្រកបដោយភាពសុខសាន្ត និងពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យ បានរឹងមាំ៕










