ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ បង្កើតជាមូលនិធិ ដើម្បីជួយទ្រទ្រង់ដល់កិច្ចការផ្ដល់ដីធ្លីនិងផ្ទះសម្បែងជូនអតីតយុទ្ធជននិងនិវត្តជនដែលមានជីវភាពក្រីក្រខ្វះខាត ដោយធានាបាននូវការសាងសង់ផ្ទះសម្បែងឱ្យបានសមរម្យ មានផាសុកភាពងាយស្រួលរស់នៅ សាកសមនឹងគុណបំណាច់ដ៏ធំធេងដែលអតីតយុទ្ធជននិងនិវត្តជន បានលះបង់ដើម្បីជាតិមាតុភូមិ
(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ បង្កើតជាមូលនិធិសម្រាប់ខេត្តនេះ ដើម្បីជួយទ្រទ្រង់ដល់កិច្ចការផ្ដល់ដីធ្លីនិងផ្ទះសម្បែងជូនអតីតយុទ្ធជននិងនិវត្តជនដែលមានជីវភាពក្រីក្រខ្វះខាត ដោយធានាបាននូវការសាងសង់ផ្ទះសម្បែងឱ្យបានសមរម្យ មានផាសុកភាពងាយស្រួលរស់នៅ ជូនពួកគាត់ ដើម្បីជួយសម្រាលការលំបាកនិងលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ឱ្យប្រសើរឡើង សាកសមនឹងគុណបំណាច់ដ៏ធំធេងដែលអតីតយុទ្ធជននិងនិវត្តជន បានលះបង់ដើម្បីជាតិមាតុភូមិ។
ក្នុងខួបលើកទី១៩ ទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦ និងពិធីសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ ដែលបានធ្វើឡើងនាថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ, ជាអនុប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា បានស្នើឱ្យមានការធ្វើបច្ចុប្បន្នភាពឱ្យបានជាក់លាក់នូវចំនួនអតីតកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ រួមទាំងប្រជាពលរដ្ឋក្នុងភូមិនានានៅក្រុងព្រះសីហនុដែលមិនទាន់មានដីធ្លីផ្ទះសម្បែង និងមានជីវភាពក្រីក្រខ្វះខាត ដើម្បីរៀបចំផ្តល់ដីធ្លីផ្ទះសម្បែងជូនពួកគាត់នៅនឹងមូលដ្ឋានផ្ទាល់ ឬនៅក្នុងទីក្រុង ដើម្បីអាចឱ្យពួកគាត់បានរស់នៅជិតសាច់ញាតិ, និងមន្ទីរពេទ្យ ដែលងាយស្រួលស្វែងរកសេវាថែទាំសុខភាព, ព្រមទាំងងាយស្រួលរកការងារធ្វើ និងធានាបាននូវការផ្ដល់ការសិក្សាអប់រំនៅសាលារៀនដល់កូនចៅពួកគាត់ឱ្យបានចប់ចុងចប់ដើម។
ទាក់ទិននឹងការងារនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានបំណងចង់ឱ្យសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា បង្កើតជាមូលនិធិសំរាប់ខេត្តព្រះសីហនុ ដើម្បីទ្រទ្រង់ដល់កិច្ចការនេះនិងធានាបាននូវការសាងសង់ផ្ទះសម្បែងឱ្យបានសមរម្យ មានផាសុកភាពងាយស្រួលរស់នៅជូនដល់អតីតយុទ្ធជននិងនិវត្តជនទាំងអស់ដែលមានជីវភាពក្រីក្រខ្វះខាតនៅក្នុងខេត្តព្រះសីហនុ ដើម្បីជួយលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់អោយប្រសើរឡើង សាកសមនឹងគុណបំណាច់ដ៏ធំធេងដែលអតីតយុទ្ធជននិងនិវត្តជន បានលះបង់ដើម្បីជាតិមាតុភូមិ។
ផ្តើមចេញពីការគិតគូរកសាងខឿនសេដ្ឋកិច្ចរបស់គ្រួសារនិមួយៗដោយគិតគូរជាសមូហភាពនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកថានេះជាកិច្ចការសំខាន់ជាយុទ្ធសាស្រ្តក្នុងការការពារជាតិក្នុងរយះពេលយូរអង្វែង ដែលមានន័យថា លុះត្រាតែយុទ្ធជនទាំងអស់មានជីវភាពនឹងនរ ហើយកូនចៅពួកគាត់បានទទួលការសិក្សារៀនសូត្រចប់ចុងចប់ដើមនោះទើបអាចរក្សាបាននូវគុណតម្លៃក្នុងនាមជាយុទ្ធជន ដែលអាចពង្រឹងខឿនការពារជាតិបានរឹងមាំ៕










