ថ្ងៃនេះគឺជារបត់ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលសម្រេចបាននូវការកំណត់ព្រំប្រទល់រដ្ឋបាល ដោយខេត្តកំពង់ចាមគឺជាខេត្តទីមួយដែលមានផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ត្រឹមត្រូវ ច្បាស់លាស់ និងជាក់លាក់
(ភ្នំពេញ)៖ ផ្តើមចេញពីការកសាងផែនទីព្រំប្រទល់រដ្ឋបាល និងផែនទីនៃការប្រើប្រាស់ដីនេះ រដ្ឋបាលខេត្ត និងឃុំ សង្កាត់ អាចដាក់ចេញនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវ និងជាក់លាក់ កំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ឧស្សាកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្ម ពិសេសកំណត់នូវសក្តានុពលរបស់ខេត្ត ដើម្បីរៀបចំរបៀងសេដ្ឋកិច្ចតភ្ជាប់ពីភូមិភាគឦសានទៅតំបន់ឆ្នេរ ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំសង្កាត់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតីពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកថានេះជាកិច្ចការមួយដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា និងបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋបាលខេត្តកំពង់ចាមដែលបានចូលរួមសហការនិងតស៊ូពុះពារជម្នះឧបសគ្គជាច្រើនដើម្បីជំរុញឲ្យការចុះបញ្ជីដីធ្លីក្នុងខេត្តកំពង់ចាមបានបញ្ចប់នាពេលនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីដំណើរការនៃការបើកយុទ្ធនាការចុះបញ្ជីដីធ្លីតាមដំណាក់កាលនីមួយៗចាប់តាំងពីឆ្នាំ១៩៨៩មក ដោយគ្រានោះ រាជរដ្ឋាភិបាលបានសម្រេចចិត្តចាប់ផ្ដើមទទួលស្គាល់កម្មសិទ្ធិឯកជននិងច្រានចោលការទាមទារកម្មសិទ្ធិនៅមុនឆ្នាំ១៩៧៩ ដែលនេះគឺជារបត់ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃការចាប់ផ្ដើមចុះបញ្ជីដីធ្លីនៅកម្ពុជា។ ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបន្តវេនដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តដាក់ចេញនូវគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយឲ្យបានចប់សព្វគ្រប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីផ្ដល់នូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ។ ដោយឡែកការកំណត់ផែនទីព្រំប្រទល់រដ្ឋបាលឃុំសង្កាត់ក្នុងខេត្តកំពង់ចាមនាពេលនេះ ក៏ជារបត់ថ្មីមួយទៀតដែរ ដោយយើងបានកំណត់ព្រំប្រទល់ដីឱ្យបានជាក់លាក់ ហើយខេត្តកំពង់ចាមគឺជាខេត្តទី១ ដែលបានអនុវត្តកិច្ចការនេះ។ ការកំណត់ព្រំប្រទល់រដ្ឋបាលឃុំសង្កាត់នេះមានសារៈសំខាន់ ជាប្រយោជន៍សំរាប់ឱ្យយើងរៀបចំផែនការឲ្យបានជាក់លាក់។ ជាមួយនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នឹងរៀបចំឈ្មោះ ជាអក្សរខ្មែរ អក្សរឡាតាំង និងបាលីសំស្ក្រឹតឱ្យបានច្បាស់លាស់ ដើម្បីចុះបញ្ជីជាមួយGoogle map ។
ក្រសួងក៏បានសហការជាមួយក្រសួងមហាផ្ទៃដើម្បីកំណត់លេខកូដតំបន់ លេខកូដភូមិសាស្ត្រនៃភូមិឃុំស្រុកនីមួយៗឱ្យបានជាក់លាក់ ហើយក៏បន្តរៀបចំកំណត់អាសយដ្ឋានអោយបានច្បាស់លាស់ទាំងអស់។នាពេលខាងមុខ ទិន្នន័យការកំណត់ចំនួនផ្ទៃដីលំនៅឋាន វត្តអារាម សាលារៀន មណ្ឌលសុខភាព និងទិន្នន័យផ្សេងៗទាក់ទិននឹងដីធ្លីទាំងអស់ តាមបណ្ដាឃុំស្រុកនីមួយៗទូទាំងប្រទេសនឹងមានដាក់ជូននៅក្នុងសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា តាមរយៈការកំណត់ផែនទីព្រំប្រទល់រដ្ឋបាលឃុំសង្កាត់នាពេលនេះ នឹងផ្ដល់ឱកាសនិងព័ត៌មានច្បាស់លាស់ជាច្រើនដើម្បីធ្វើឱ្យការគិតគូររបស់យើងមានភាពនវានុវត្តន៍ឆ្លើយតបទៅនឹងបញ្ហាបានជាក់លាក់ ហើយផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ឃុំស្រុកក្នុងខេត្តកំពង់ចាម ដែលនឹងដាក់ចេញទៅនោះនឹងអនុវត្តបានចំទិសដៅពិតប្រាកដ។នៅពេលខាងមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានបំណងចង់ឱ្យមានការកំណត់តំបន់នីមួយៗក្នុងខេត្តកំពង់ចាមឲ្យបានច្បាស់លាស់ក្នុងនោះមានតំបន់អភិរក្ស តំបន់កសិកម្ម និងតំបន់កសិឧស្សាហកម្ម ដែលតំបន់កសិឧស្សាហកម្មនៅខេត្តកំពង់ចាមគឺមានសក្តានុពលខ្ពស់ ដោយមានទន្លេមេគង្គជាផ្លូវយុទ្ធសាស្ត្រដ៏ធំមួយដែលអាចតភ្ជាប់ការដឹកជញ្ជូនពីខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តកណ្ដាល ហើយតាមរយៈផែនទីព្រំប្រទល់រដ្ឋបាលឃុំសង្កាត់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមនេះ នឹងធ្វើឱ្យរដ្ឋបាលខេត្តមានភាពងាយស្រួលក្នុងការកំណត់ទីតាំងនៃតំបន់នីមួយៗបានច្បាស់លាស់ ស្របតាមសក្តានុពលនៃតំបន់ទាំងនោះដើម្បីរៀបចំរបៀងសេដ្ឋកិច្ចតភ្ជាប់ពីភូមិភាគឦសានទៅតំបន់ឆ្នេរ។ ជាមួយនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចូលរួមជាមួយក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត លើទិសដៅរួមមួយដោយផ្អែកលើគោលនយោបាយអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយធ្វើការកសាងភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល និងបុរីជនបទ ដោយរៀបចំក្រុង និងទីប្រជុំជន ឱ្យមានលំហសាធារណៈ រៀបចំសំណង់មិនរៀបរយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យជនបទជាជនបទទំនើប។










