គណៈកម្មការសុរិយោដីថ្នាក់ជាតិ បើកកិច្ចប្រជុំស្វែងរកការឯកភាពគ្នាពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងជំនាញ ក្នុងការដោះស្រាយទៅលើបញ្ហា ដែលពាក់ព័ន្ធនឹងការកែសម្រួលលក្ខខណ្ឌនៃការគ្រប់គ្រងនិងប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ
(ភ្នំពេញ)៖ គណៈកម្មការសុរិយោដីថ្នាក់ជាតិ បើកកិច្ចប្រជុំស្វែងរកការឯកភាពគ្នាពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងជំនាញ ក្នុងការដោះស្រាយទៅលើបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងការកែសម្រួលលក្ខខណ្ឌនៃការគ្រប់គ្រងនិងប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរឱ្យស្របទៅនឹងស្ថានភាពវិវត្តន៍នៃសង្គម សេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំគណៈកម្មការសុរិយោដីថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ បានឱ្យដឹងថា ការជួបប្រជុំគ្នានាពេលនេះគឺដើម្បីស្វែងរកការឯកភាពគ្នាពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងជំនាញ ក្នុងការដោះស្រាយទៅលើបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងការកែសម្រួលលក្ខខណ្ឌនៃការគ្រប់គ្រងនិងប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរឱ្យស្របទៅនឹងស្ថានភាពវិវត្តន៍នៃសង្គម សេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា ដែលបច្ចុប្បន្ន មិនទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅឡើយ។
ចំពោះលក្ខខណ្ឌនៃការប្រើប្រាស់ដីដែលមានពីមុនមក គណៈកម្មការសុរិយាដីថ្នាក់ជាតិត្រូវគិតគូរពិចារណាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយឡើងវិញថាតើយើងបានផ្ដល់ភាពសុខដុមរមនារវាងកិច្ចការរបស់យើងដោយបានលុបបំបាត់ភាពចម្រូងចម្រាស់រវាងអាជ្ញាធរអប្សរានិងប្រជាពលរដ្ឋហើយឬយ៉ាងណា ក្នុងនោះដែរគឺមិនត្រូវបន្ទោសទៅលើក្រសួងវប្បធម៌ ឬ អាជ្ញាធរអប្សរា ដែលពួកគាត់មិនមានគោលបំណងអ្វីក្រៅពីការអភិរក្សប្រាសាទបុរាណសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ ចំណែកឯប្រជាពលរដ្ឋក៏មិនមានគោលបំណងអ្វីក្រៅពីការរស់នៅឲ្យមានភាពសុខស្រួលនោះដែរ ដូច្នេះគណៈកម្មការសុរិយោដីថ្នាក់ជាតិត្រូវរិះរកវិធីសាស្ត្រសម្របសម្រួលយ៉ាងណាដើម្បីស្វែងរកភាពសុខដុមរមនារវាងភាគីទាំងពីរ ដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ឃើញថាជាការគៀបសង្កត់និងមានសម្ពាធក្នុងការរស់នៅនោះឡើយ។
ក្នុងនាមគណៈកម្មការសុយោដីថ្នាក់ជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ពីគោលបំណងត្រូវការចាំបាច់នូវការកសាងគោលការណ៍រួមក្នុងការដោះស្រាយលក្ខខណ្ឌនៃការប្រើប្រាស់ដីជារួម ចំពោះតំបន់បេតិកភណ្ឌពិភពលោកអង្គរ, តំបន់បឹងទន្លេសាប, តំបន់ព្រៃលិចទឹក, តំបន់ព្រៃកោងកាង,និងតំបន់ផ្សេងៗទៀតនៅទូទាំងប្រទេស សម្រាប់ជាឧត្តមប្រយោជន៍ជាតិនិងប្រជាជន៕










