ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកកំចាយមារ ខេត្តព្រៃវែង
(ព្រៃវែង)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកកំចាយមារ ខេត្តព្រៃវែង ដោយជំរុញឱ្យអាជ្ញាធរខេត្តនេះនិងប្រជាពលរដ្ឋត្រូវបន្តរួមគ្នាគិតគូរអំពីការកសាងខឿនសេដ្ឋកិច្ច និងបង្កើនជីវភាពរស់នៅឱ្យកាន់តែល្អ ហើយធ្វើយ៉ាងណារក្សាដីធ្លីទាំងនេះអោយក្លាយជាទ្រព្យសន្សំតជំនាន់។
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកកំចាយមារ ខេត្តព្រៃវែង ដែលបានធ្វើឡើងនៅបរិវេណវត្តជោតិវ័ន្ត ហៅវត្តជាច ក្នុងឃុំជាច ដោយមានការចូលរួមពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់ក្រុមការងារជំនាញ, រដ្ឋបាលខេត្តព្រៃវែង មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានឯកភាពគ្នានិងសហការចូលរួមលះបង់កម្លាំងកាយចិត្តនិងកម្លាំងប្រាជ្ញាយ៉ាងសស្រាក់សស្រាំក្នុងការសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានដល់ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់នៅថ្ងៃនេះ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ។ នេះគឺជាអនុស្សាវរីយ៍ដ៏ល្អរបស់យើងទាំងអស់គ្នា និងជាសច្ចភាពចំពោះអ្នកដែលបានលះបង់កាលពីមុនមកក្នុងការនាំមកនូវសេចក្តីសុខនិងសន្តិភាពចំពោះទឹកដីខេត្តព្រៃវែងនេះក៏ដូចជាប្រទេសជាតិទាំងមូល ដោយតបស្នងមកវិញនូវការរៀបចំស្រុកទេសឱ្យបានល្អ ដូចជាការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋដែលជាការផ្ដល់នូវមូលដ្ឋាននៃជីវិត និងមូលដ្ឋាននៃសេដ្ឋកិច្ចគ្រួសារនិមួយៗ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះជាខួបលើកទី ៤០ ចាប់តាំងពីមានការចាប់ផ្ដើមចុះបញ្ជីដីធ្លីជាលើកដំបូងនាឆ្នាំ ១៩៨៩នៅកម្ពុជា ដែលកាលនោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាប់ផ្ដើមដាក់ឱ្យមានការទទួលស្គាល់កម្មសិទ្ធិឯកជននិងចាប់ផ្ដើមចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋដែលប្រៀបបានទៅនឹងឪពុកចែកទ្រព្យឱ្យកូន ហើយបច្ចុប្បន្នសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដល់នូវសុវត្ថិភាពផ្លូវច្បាប់នៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋនិងផ្ដល់ជាទុននៅក្នុងជីវិតសម្រាប់បង្កើនជីវភាពគ្រួសារនិមួយៗឲ្យប្រសើរឡើងតជំនាន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ចាប់ពីពេលនេះទៅមុខទៀត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងងាកមកគិតគូរលើការបញ្ចប់ការរៀបចំព្រំប្រទល់រដ្ឋបាល ភូមិ ឃុំ ស្រុក ខេត្ត លេខកូដនិងអាសយដ្ឋានឱ្យបានច្បាស់លាស់ ហើយសូមអាជ្ញាធរខេត្តព្រៃវែងនិងប្រជាពលរដ្ឋងាកមកគិតគូរលើការបង្កបង្កើនផល ចិញ្ចឹមសត្វ ប្រកបរបរចិញ្ចឹមជីវិត បង្កើនចំណូល និងចូលរូមរៀបចំទីក្រុងនិងទីប្រជុំជន សួននិងលំហសាធារណៈឱ្យស្អាត មានសោភណភាព ក្លាយជាភូមិឃុំដែលគួរឱ្យចង់រស់នៅ ហើយរួមគ្នាគិតគូរអំពីការកសាងខឿនសេដ្ឋកិច្ច បង្កើនជីវភាពរស់នៅអោយកាន់តែល្អជាងនេះ និងធ្វើយ៉ាងណារក្សាដីធ្លីទាំងនេះអោយក្លាយជាទ្រព្យសន្សំតជំនាន់។
សូមបញ្ជាក់ថា នៅទូទាំងប្រទេស ខេត្តដែលមានក្បាលដីត្រូវវាស់វែងច្រើនជាងគេគឺខេត្តព្រៃវែងដែលមានក្បាលដីសរុប ១លាន២សែនក្បាលដីនិងខេត្តកំពង់ស្ពឺមាន ១លាន១សែនក្បាលដី៕










