រដ្ឋមន្ត្រីក្រសួងដែនដី៖ និស្សិតជ័យលាភីទៅសិក្សានៅក្រៅប្រទេស ត្រូវចេះទាញប្រយោជន៍ពីប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចពិភពលោក ដើម្បីអភិវឌ្ឍខ្លួន គ្រួសារ និងមាតុភូមិ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមអបអរសាទរ និងកោតសរសើរជាមួយលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ព្រមទាំងលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីគ្រប់ៗរូប ផ្លាស់ប្ដូរផ្នត់គំនិត រៀនបើកចិត្តឱ្យទូលាយ ទទួលយកបទពិសោធន៍និងចំណេះដឹងថ្មីៗ និងបន្តយកចិត្តទុកដាក់ឱ្យបានកាន់តែច្រើនថែមទៀត ក្នុងអំឡុងពេលបន្តការសិក្សានៅក្រៅប្រទេស។
ថ្លែងក្នុងពេលទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់សហភាពអឺរ៉ុប ប្រទេសហុងគ្រី ប្រទេសឆែក ប្រទេសជប៉ុន និងប្រទេសចិន នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ពីសារ:សំខាន់នៃការវិនិយោគលើធនធានមនុស្ស ហើយនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់នាពេលនេះគឺជាកោសិកាដ៏សំខាន់សម្រាប់ការកសាងពូនជ្រុំសង្គមជាតិកម្ពុជាប្រកបដោយភាពរស់រវើក ស្របទៅតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលចង់កសាងទ្រនំសុភមង្គល ជូនប្រជាពលរដ្ឋឲ្យមានផ្ទះសម្បែងរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា មានប្រាក់ចំណូល ប្រាក់សន្សំ និងការលំហែ កាត់បន្ថយបំណុលគ្រួសារនិងមានជីវភាពល្អប្រសើរឡើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើនិងជំរុញដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ដែលនឹងត្រូវទៅបន្តការសិក្សានៅក្រៅប្រទេស ត្រូវចូលរួមកសាងសហសម័យកម្ពុជាជាមួយគ្នា ជាសម័យដែលសង្គមកម្ពុជាមានអរិយធម៌ វប្បធម៌ ទំនៀមទំលាប់ និងមានភាពជឿជាក់លើខ្លួនឯង ហើយយកឱកាសនេះរៀនស្គាល់ពីគេ និងប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចរបស់ពិភពលោកនិងខ្លួនឯង និងចេះទាញប្រយោជន៍ពីនោះដើម្បីកសាងខ្លួននិងគ្រួសារ និងអភិវឌ្ឍកម្ពុជាមាតុភូមិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមបរិបទនៃសង្គមកម្ពុជា៕










