ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ រួមដៃគ្នាផ្លាស់ប្ដូរផ្នត់គំនិត ដើម្បីកសាងទីក្រុងកម្ពុជាឱ្យកាន់តែស៊ីវីល័យ ដោយផ្ដើមចេញពីការគិតគូររៀបចំទីក្រុង ដែលជាកិច្ចការធំនិងជាអាទិភាពមួយរបស់ប្រមុខរាជរដ្ឋាភិបាល
(ភ្នំពេញ) ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែបានផ្ដល់ការណែនាំថា កិច្ចការរៀបចំក្រុង គឺជាកិច្ចការធំមួយដែលត្រូវផ្ដោតការគិតគូរយកចិត្តទុកដាក់ដើម្បីឱ្យទីក្រុងក្លាយជាទីកន្លែងដែលងាយស្រួលរស់នៅសំរាប់ប្រជាពលរដ្ឋ ។
ក្នុងកិច្ចប្រជុំអន្ដរក្រសួងដើម្បីពិភាក្សាអំពីការពង្រីកកំណាត់ផ្លូវទីរួមស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងកែលម្អសោភណភាពកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្ដក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា កិច្ចការដំបូងដែលត្រូវធ្វើនាពេលនេះគឺផ្ដើមចេញពីការរៀបចំទីប្រជុំជនឲ្យបានស្អាតដូចជាទីរួមស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងដើម្បីផ្លាស់ប្ដូរផ្នត់គំនិតមនុស្សក្នុងការរស់នៅទីប្រជុំជន ហើយយកស្តង់ដានៃការរៀបចំទីរួមស្រុកកំពង់រោទិ៍នេះធ្វើជាគំរូសម្រាប់ការរៀបចំទីប្រជុំជនដទៃទៀត។ នៅក្នុងការពង្រីកកំណាត់ផ្លូវទីរួមស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងកែលម្អសោភណភាពកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្ដក្រុងច្បារមន ខេត្តកំពង់ស្ពឺ គឺត្រូវប្រកាន់យកទស្សនៈទាននៃការរៀបចំទីប្រជុំជនអោយបានស្អាត ងាយស្រួលរស់នៅនិងធ្វើដំណើរដោយសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ ។
ផ្ដើមចេញពីការគិតគូររៀបចំទីក្រុង ដែលជាកិច្ចការធំនិងជាអាទិភាពមួយរបស់ប្រមុខរាជរដ្ឋាភិបាលគឺធ្វើយ៉ាងណាឱ្យទីក្រុងក្លាយជាទីកន្លែងដែលងាយស្រួលរស់នៅនិងមានអត្តសញ្ញាណដោយខ្លួនឯង ដើម្បីធ្វើឱ្យសម័យសម្ដេចធិបតីក្លាយជាសហសម័យ ជាសម័យកាលដែលកម្ពុជាគឺជារដ្ឋស៊ីវីល័យ ដូច្នេះការរៀបចំក្រុងគឺផ្ដើមចេញពីការរៀបចំអភិវឌ្ឍន៍ទីប្រជុំជន ដែលទាមទារឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងទាំងអស់គ្នា ទាំងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋបាលថ្នាក់ក្រោមជាតិនិងប្រជាពលរដ្ឋ៕










