ក្រុមការងារចុះមូលដ្ឋានខេត្តកែប ជំរុញការអភិវឌ្ឍពហុវិស័យ បង្កើតប្រាក់ចំណូល និងបណ្តុះធនធានមនុស្ស
(កែប)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បាននឹងកំពុងគិតគូរនិងជំរុញលើវិស័យអប់រំ វិស័យសាធារណការ និងដឹកជញ្ជូន ដោយកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានគ្រប់គ្រាន់, វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ផ្តល់ពូជត្រី ចិញ្ចឹមសត្វ, វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ វិស័យសុខាភិបាល វិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត សម្រាប់ផ្ដល់ជូនអ្នកខេត្តកែប ដើម្បីកសាងខឿនសេដ្ឋកិច្ចមូលដ្ឋាន បង្កើតប្រាក់ចំណូល ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រសើរឡើង និងបណ្តុះធនធានមនុស្សឱ្យបានល្អ ដើម្បីធានាឱ្យខេត្តកែបមានជីវិតរីករាយរុងរឿង។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ ២០២៦ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានបញ្ជាក់ថា សម្រាប់ខេត្តកែប ក្រុមការងារត្រូវគិតគូរនិងជំរុញលើវិស័យអប់រំ វិស័យសាធារណការ និងដឹកជញ្ជូន ដោយកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានគ្រប់គ្រាន់, វិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ផ្តល់ពូជត្រី ចិញ្ចឹមសត្វ, វិស័យប្រៃសណីយ៍និងទូរគមនាគមន៍ វិស័យសុខាភិបាល វិស័យទេសចរណ៍និងវិស័យផ្សេងៗទៀត សម្រាប់ផ្ដល់ជូនអ្នកខេត្តកែប ដើម្បីកសាងខឿនសេដ្ឋកិច្ចមូលដ្ឋាន បង្កើតប្រាក់ចំណូល ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រសើរឡើង និងបណ្តុះធនធានមនុស្សឱ្យបានល្អ ដើម្បីធានាឱ្យខេត្តកែបមានជីវិតរីករាយរុងរឿង។ ដូច្នេះកិច្ចការផ្ដើមជាដំបូងនេះសម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែបគឺត្រូវផ្លាស់ប្ដូរផ្នត់គំនិតដោយពិនិត្យមើលលើការសាងសង់សាលារៀនឱ្យមានបរិយាកាសល្អ រៀបចំទីធ្លាសាលា បន្ទប់ទឹក ដាំដើមឈើបង្កើតជាម្លប់បៃតង ដើម្បីបណ្ដុះផ្នត់គំនិតដល់សិស្សានុសិស្សឱ្យចេះស្រឡាញ់បរិស្ថានរស់នៅស្អាត មានសីលធម៌ សុជីវធម៌ ចរិយាធម៌ មានការប្រាស្រ័យទាក់ទងគ្នាល្អ ក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដោតសំខាន់លើការបន្តរក្សាសុខសន្តិភាព និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរពីព្រោះនៅពេលដែលប្រជាជនកម្ពុជាមានជីវភាពធូរធារនោះ គុណតម្លៃនៃជីវិត របៀបរបប ប្រពៃណី ទំនៀមទម្លាប់ និងអ្វីៗគ្រប់យ៉ាងទាំងអស់នឹងកើតមានឡើង ដូច្នេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ត្រូវរួមគ្នាគិតគូរជំរុញលើវិស័យមួយចំនួននិងដោះស្រាយបញ្ហាផ្សេងៗ ដូចជាបញ្ហាសំណង់មិនរៀបរយ ដើម្បីលុបបំបាត់អំពើហិង្សា ការបៀតបៀន ការប្រើប្រាស់គ្រឿងញៀន និងបញ្ហាបោះបង់ការសិក្សានៅវ័យក្មេង ជាដើម, ដើម្បីជំរុញឱ្យខេត្តកែបបោះជំហានទៅមុខបន្ថែមទៀត ក្លាយជាទីកន្លែងដែលមានសុវត្ថិភាព ផាសុកភាព ជាទីដែលប្រជាជនគ្រប់ទិសទីប្រាថ្នាចង់មកស្នាក់នៅនិងលំហែកំសាន្ត៕









