ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ជំរុញការអភិវឌ្ឍប្រកបដោយនវានុវត្តន៍លើវិស័យអប់រំ និងសុខាភិបាល
(ព្រះសីហនុ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានគិតគូរនិងជំរុញបន្ថែមទៀតលើវិស័យអប់រំ និងវិស័យសុខាភិបាល ប្រកបដោយភាពនវានុវត្តន៍ ឆ្លើយតបតាមតម្រូវការ ទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យវិស័យនេះរីកចម្រើន បង្ការកុំអោយពលរដ្ឋមានជំងឺ ធ្វើឱ្យពួកគាត់មានសុខភាពល្អ ជាប្រជាជនសកល។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានឱ្យដឹងថា ការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលនៅខេត្តព្រះសីហនុនាពេលនេះគឺដើម្បីបានស្ដាប់មតិយោបល់របស់ថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាល ថាតើយើងគួរធ្វើដូចម្ដេចដើម្បីឱ្យវិស័យសុខាភិបាលនៅក្នុងខេត្តព្រះសីហនុមានភាពរឹងមាំ នវានុវត្តន៍ និងអាចឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ដើម្បីឱ្យសេវាសុខាភិបាលនៅក្នុងខេត្តព្រះសីហនុកាន់តែល្អប្រសើរនោះ គឺមិនមែនជាការទទួលបាននូវអ្នកជំងឺជាច្រើនសម្រាប់ផ្ដល់សេវាថែទាំព្យាបាលនោះទេ ប៉ុន្តែផ្ទុយទៅវិញគឺត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ជាប្រជាជនសកល ដែលមិនមានជំងឺដង្កាត់នានា ស្របតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ដែលតែងតែលើកឡើងនូវសារអំពីសុខភាព ចរិយាមារយាទនិងសីលធម៌រស់នៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា សុខភាពរបស់ប្រជាពលរដ្ឋគឺពឹងផ្អែកទៅលើសង្គម សេដ្ឋកិច្ចនិងមូលដ្ឋាន ដូច្នេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុត្រូវតែមានផ្នត់គំនិតនិងគោលដៅដូចគ្នា ក្នុងការជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យចំគោលដៅ ដោយត្រូវគិតគូរនិងជំរុញបន្ថែមទៀតលើវិស័យអប់រំ និងវិស័យសុខាភិបាល ប្រកបដោយភាពនវានុវត្តន៍ ឆ្លើយតបតម្រូវការ ទំនៀមទម្លាប់នៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពោលដើម្បីឱ្យវិស័យនេះរីកចម្រើន បង្ការកុំឱ្យពលរដ្ឋមានជំងឺ ធ្វើឱ្យពួកគាត់មានសុខភាពល្អ ជាប្រជាជនសកល តាមរយ:៖
– រៀបចំសាលារៀន ឱ្យមានថ្នាក់រៀននិងទីធ្លាស្អាត មានកន្លែងក្មេងលេង មានបន្ទប់ទឹកស្អាត បណ្តុះផ្នត់គំនិត និងទម្លាប់ការរស់នៅក្នុងជីវិត
– រៀបចំមន្ទីរពេទ្យ និងមណ្ឌលសុខភាពឱ្យបានស្អាតបាត សមរម្យ មានអនាម័យ មានលំហសាធារណៈ ដើម្បីបម្រើសេវាជូនពលរដ្ឋ
– ពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យទាំងវិជ្ជាជីវៈ និងអាកប្បកិរិយា ដើម្បីប្រាស្រ័យទាក់ទងនិងលើកទឹកចិត្តអ្នកជំងឺ
– ផ្សព្វផ្សាយដើម្បីពង្រឹងការយល់ដឹងពីជំងឺដល់ប្រជាពលរដ្ឋ
– និង គិតគូរពីអាហារូបត្ថម្ភ សម្រាប់សុខភាពសាធារណៈ៕










