ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បន្តពង្រឹងការបម្រើសេវាសាធារណៈ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ
(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានផ្ដល់នូវទស្សនទាន និងបទបញ្ជាផ្ទៃក្នុងយ៉ាងសំខាន់ៗសំរាប់ក្រុមការងារ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត។
ក្នុងកិច្ចប្រជុំជីវភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលនយោបាយអភិវឌ្ឍន៍ដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល គឺការផ្ដោតលើការយកចិត្តទុកដាក់ជាអតិបរមាលើកត្តាមនុស្ស ទឹក ភ្លើង ផ្លូវនិងបច្ចេកវិទ្យា ដោយខិតខំប្រឹងប្រែងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សុខដុមរមនាក្នុងសង្គម និងភាពស្ងប់ស្ងាត់ ដើម្បីធានាដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ជាមួយនេះ ការអនុវត្តគោលនយោបាយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបន្តជំរុញដើម្បីទាក់ទាញ និងគាំទ្រដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ ដែលធានាបាននូវស្ថិរភាពចំណូលគ្រួសារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តកែលម្អរបៀបរបបធ្វើការងារដោយមានការគិតគូរច្បាស់លាស់ ហ៊ានសម្រេចចិត្ត ព្រមទាំងមានការទទួលខុសត្រូវខ្ពស់។ រាល់កិច្ចប្រជុំថ្នាក់ស្រុក ឬឃុំ-សង្កាត់ ត្រូវតម្រង់ទិសដៅទៅរកការដោះស្រាយបញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋនៅនឹងកន្លែង ប្រកបដោយភាពស្និទ្ធស្នាល និងទាន់ពេលវេលា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រក្នុងការរៀបចំទីប្រជុំជន និងមូលដ្ឋាននានាក្នុងខេត្តព្រះសីហនុ ឱ្យក្លាយជាគំរូ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការពង្រឹងគុណភាពសេវាអប់រំ និងសុខាភិបាល ព្រមទាំងការយកចិត្តទុកដាក់លើអនាម័យ សុខភាពសាធារណៈ និងបរិស្ថានរស់នៅ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕










