ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អន្តរាគមន៍ផ្ទាល់ ដោះស្រាយបញ្ហាវិវាទបុរី VIP ឈានឆ្ពោះទៅរកដំណោះស្រាយសមធម៌ និងប្រគល់ប្លង់ជូនពលរដ្ឋ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អន្តរាគមន៍ផ្ទាល់ ដោះស្រាយបញ្ហាវិវាទបុរី VIP ឈានឆ្ពោះទៅរកដំណោះស្រាយសមធម៌ និងប្រគល់ប្លង់ជូនពលរដ្ឋ។
ក្នុងពេលជួបសំណេះសំណាលជាមួយអតិថិជនបុរី VIP នារសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីស្ដីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះគឺក្នុងគោលបំណងដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព តម្លាភាព និងធានាការពារផលប្រយោជន៍ស្របច្បាប់ជូនពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា យោងតាមការចុះត្រួតពិនិត្យ និងវាស់វែងឡើងវិញដោយក្រុមការងារបច្ចេកទេស ស្ថានភាពគម្រោងសាងសង់សរុបមានដូចជា៖
-សំណង់សម្រេចការសាងសង់បានប្រមាណ ៤០% មានចំនួន ១៨៨ ឡូតិ៍
-សំណង់សម្រេចការសាងសង់បានពី ៤០% ដល់ ៧០% មានចំនួន ១៥២ ឡូតិ៍
-សំណង់សម្រេចបានពី ៩០% ដល់១០០% មានចំនួន ៣៤ ឡូតិ៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មូលហេតុដែលការរៀបចំ និងប្រគល់ប្លង់ជូនអតិថិជនបុរីVIP មានភាពយឺតយ៉ាវនោះ គឺដោយសារពីមុនគ្មានទិន្នន័យច្បាស់លាស់ ដែលតម្រូវឱ្យក្រុមការងារវាស់វែងឡើងវិញទាំងស្រុង ឱ្យត្រឹមត្រូវតាមប្លង់គោល និងផែនទីសុរិយោដី។ ចំណែកប្លង់ដែលរួចរាល់ បាននឹងកំពុងបន្តប្រគល់ជូនអតិថិជនបុរីVIP ជាបន្តបន្ទាប់ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបើកចំហជម្រើសជូនអតិថិជនបុរីVIP សម្រេចចិត្តតាមស្ថានភាពជាក់ស្ដែង ក្នុងនោះមាន :
-ជ្រើសរើសការសាងសង់បន្តដោយម្ចាស់ផ្ទះខ្លួនឯង ឬអតិថិជនផ្ទាល់។
-ជ្រើសរើសឱ្យភាគីទីបី ឬភាគីមានសមត្ថភាពផ្សេងទៀត ចូលមកសាងសង់បន្ត។
-ជ្រើសរើសទទួលយកដំណោះស្រាយត្រឹម ស្ថានភាពកម្រិតវឌ្ឍនភាពបច្ចុប្បន្ន របស់សំណង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានផ្ដល់ដំណោះស្រាយសម្រាប់អតិថិជនបុរីVIPដែលបង់ប្រាក់ដាច់តែមិនទាន់បានប្លង់ ឬផ្ទះ ដោយក្នុងនោះបានចាត់ឲ្យក្រុមការងារបើកឱ្យមានការពិនិត្យក្នុងបញ្ជី ដើម្បីរកឡូតិ៍ផ្សេងជំនួស ឬដោះស្រាយជូនតាមជាក់ស្ដែង។ចំពោះបញ្ហាប្រឈមដទៃទៀតរបស់អតិថិជនបុរីVIP, ក្រុមការងារនឹងពិនិត្យលទ្ធភាពរកដំណោះស្រាយជូនជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារបច្ចេកទេស ពុំមានថ្ងៃបោះបង់ចោលពលរដ្ឋឡើយ ដោយបន្តជំរុញកិច្ចការនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ តម្លាភាព និងយុត្តិធម៌ ដើម្បីបញ្ចប់វិវាទបុរី VIP ឱ្យបានឆាប់រហ័ស៕










