បន្ទាប់ពីឈានទៅបិទបញ្ចប់ការងារដីធ្លីនៅខេត្តកោះកុង ពីនេះទៅមុខ យើងត្រូវងាកមកប្រែក្លាយដីឱ្យមានគុណតម្លៃ និងគិតគូររៀបចំជួយលើកស្ទួយជីវភាពអ្នកកោះកុង កសាងខឿនសេដ្ឋកិច្ចមូលដ្ឋាន ធ្វើឱ្យប្រជាជន និងមន្ត្រីរាជការមានដំបូលលើក្បាល ម្ហូបលើតុ មានប្រាក់សន្សំ កូនទៅរៀន មានពេលវេលាលំហែ និងជួបជុំគ្រួសារ។
ថែ្លងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៣០០ បណ្ណ ជូនពលរដ្ឋក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរពុកម៉ែបងប្អូនដែលបានមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ហើយក្រសួងនឹងចែកជូនបងប្អូនជាបន្តបន្ទាប់ទៀត ដើម្បីធានានូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យជូនបងប្អូនទាំងអស់។
សូមគូសបញ្ជាក់ថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង គ្រោងនឹងបន្តប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនពលរដ្ឋចំនួន ៦ ភូមិទៀត នៅស្រុកគិរីសាគរ និងស្រុកស្រែអំបិល នាពេលឆាប់ៗខាងមុខនេះ។
៧ កុម្ភៈ ២០២៦










