ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងគិតគូរយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ ឆ្លើយតបទៅនឹងទស្សនៈវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីគោលបំណងចង់ឱ្យប្រជាពលរដ្ឋកម្ពុជាមានលំនៅឋានរស់នៅសមរម្យ មានលំនៅឋានដែលជាកម្មសិទ្ធរបស់ខ្លួនឯងផ្ទាល់ រស់នៅជួបជុំគ្រួសារប្រកបដោយភាពកក់ក្តៅ និងធ្វើយ៉ាងណារក្សាចំណូលរបស់ប្រជាជន បង្កើនប្រាក់សន្សំដល់ពួកគាត់ កាត់បន្ថយបំណុលគ្រួសារ នោះទើបលំនៅឋានមានការកើនឡើងនិងរុងរឿងច្រើនជាងមុន ដែលនាំឱ្យសង្គមជាតិមានភាពរឹងមាំ
ថ្លែងក្នុងវេទិកាស្ដីពី ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍លំនៅឋានសម្រាប់ទាំងអស់គ្នានៅកម្ពុជា ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកវេទិកានេះថាពិតជាមានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា ពីព្រោះកិច្ចការអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា គឺជាកិច្ចការដែលទាក់ទិននឹងអាយុជីវិតរបស់យើងទាំងអស់គ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បុរីជនបទ, ភូមិឋានក្សេមក្សាន្តនិងទ្រនំសុភមង្គល គឺជាត្រីវិស័យតម្រង់ទិសសំរាប់សង្គមជាតិកម្ពុជា។ ជាមួយនេះលំនៅឋាននិងលទ្ធភាពនៃការទិញផ្ទះ រមែងតែងតែជាបញ្ហានៅក្នុងគ្រប់សង្គម មិនថានៅកម្ពុជារឺនៅប្រទេសណាឡើយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វេទិកានេះគឺជាឱកាសដើម្បីទាញចំណាប់អារម្មណ៍ពីអ្នកចូលរួមទាំងអស់អោយមានការយល់រួមគ្នានិងឯកភាពគ្នាក្នុងសង្គមជាតិថាតើយើងត្រូវធ្វើដូចម្ដេចចំពោះដំណើរនៃការអភិវឌ្ឍន៍លំនៅឋានសម្រាប់ទាំងអស់គ្នានៅកម្ពុជា ដើម្បីឱ្យប្រជាជនកម្ពុជាគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ។ នេះគឺជាទស្សនៈវិស័យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តអនុវត្តគោលនយោបាយពីសម្ដេចតេជោ ពីអាណត្តិមុនៗមកដល់អាណត្តិទី៧នេះ ដែលក្នុងអាណត្តិនេះសម្ដេចធិបតីបានកំណត់ថាគ្រប់ប្រជាជនកម្ពុជាទាំងអស់ត្រូវមានលំនៅឋានសមរម្យសំរាប់រស់នៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីការវិវត្តន៍នៃដំណើរអភិវឌ្ឍន៍លំនៅឋានក្នុងប្រទេសកម្ពុជាតាមដំណាក់កាលនីមួយៗរហូតមកដល់បច្ចុប្បន្ន និងបានលើកឡើងអំពីការដោះស្រាយបញ្ហាសំណង់មិនរៀបរយនាពេលបច្ចុប្បន្ននេះ ដើម្បីជួយរុញច្រានឱ្យអ្នកដែលរស់នៅក្នុងសំណង់មិនរៀបរយបានចាកផុតពីទីកន្លែងដែលប្រមូលផ្ដុំដោយអំពើហឹង្សា ការបៀតបៀន ក្មេងទំនើង ល្បែងស៊ីសង, គ្រឿងញៀន និងជំងឺឆ្លងជាដើម ដោយផ្ដល់ឱ្យពួកគាត់នូវលំនៅឋានថ្មីរស់នៅជួបជុំគ្រួសារប្រកបដោយភាពកក់ក្តៅ ជាទ្រនំសុភមង្គល ជៀសផុតពីការបៀតបៀនផ្សេងៗ៕










