ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានឯកភាពលើគោលការណ៍រួមក្នុងការពន្លឿនការងារចុះបញ្ជីដីបង្ហើយ និងការផ្ដល់សេវាសុរិយោដីជូនប្រជាពលរដ្ឋ រួមទាំងការរៀបចំប្រែក្លាយសក្តានុពលតាមទីប្រជុំជននីមួយៗឱ្យទៅជាឧទ្យានដើម្បីបម្រើដល់ឧត្តមប្រយោជន៍សាធារណៈ
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានឯកភាពលើគោលការណ៍រួមក្នុងការពន្លឿនការងារចុះបញ្ជីដីបង្ហើយ និងការផ្ដល់សេវាសុរិយោដីជូនប្រជាពលរដ្ឋ និងលើនីតិវិធីនៃការចុះបញ្ជីដីបុរាណដ្ឋានដែលមានភាពស្មុគស្មាញ បឹងបួរ រួមទាំងការរៀបចំប្រែក្លាយសក្តានុពលតាមទីប្រជុំជននីមួយៗឱ្យទៅជាឧទ្យានដើម្បីបម្រើដល់ឧត្តមប្រយោជន៍សាធារណៈ។
ក្នុងកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើការផ្ដល់សេវាសាធារណៈជូនប្រជាជន ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង ដោយមានការចូលរួមពីក្រសួងធម្មការនិងសាសនា ក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នារសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះគឺដើម្បីស្នើសុំមតិយោបល់ប្រមូលធាតុចូលពីអន្តរក្រសួងពាក់ព័ន្ធ និងស្វែងរកការឯកភាពគ្នារៀបចំគោលការណ៍រួម ឱ្យបានត្រឹមត្រូវនិងទូលំទូលាយក្នុងការពន្លឿនការងារចុះបញ្ជីដីបង្ហើយ, ការផ្តល់សេវាសុរិយោដីជូនប្រជាពលរដ្ឋ និងលើនីតិវិធីនៃការចុះបញ្ជីដីបុរាណដ្ឋានដែលមានភាពស្មុគស្មាញ បឹងបួរ រួមទាំងការរៀបចំទីក្រុងនិងប្រែក្លាយសក្តានុពលតាមទីប្រជុំជននៃបណ្តាខេត្តនីមួយៗឱ្យទៅជាឧទ្យាន ដើម្បីបម្រើដល់ឧត្តមប្រយោជន៍សាធារណៈ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា អគ្គនាយកដ្ឋានសុរិយោដីបាននឹងកំពុងរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យទាំងអស់ជាថ្មីឡើងវិញទាក់ទងនឹងប្រភេទដី២៤៥ លើទីតាំងនិងចំនួនក្បាលដី ដោយអនុវត្តម្ដងមួយភូមិ និងគូសរូបភាពតាមផ្កាយរណប ដោយកំណត់:
១. តំបន់ក្រហម ជាដីកសិកម្ម ដីបរិស្ថាន ដីធនធានទឹក ឬបុរាណដ្ឋាន ជាតំបន់ហាមប៉ះពាល់ដាច់ខាត
២. តំបន់បៃតង ជាភូមិចាស់
៣. តំបន់លឿង ជាដីដែលទន្ទ្រានកាន់កាប់និងកំពុងស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល។ ទាក់ទិននឹងកិច្ចការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អភិបាលខេត្តនីមួយៗឱ្យចូលរួមអនុវត្តកិច្ចការនេះទាំងអស់គ្នាដើម្បីកំណត់ប្រភេទដីឱ្យបានជាក់លាក់និងបញ្ចប់ភាពចម្រូងចម្រាស់និងភាពមិនច្បាស់លាស់ក្នុងការកាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋ៕










