ការងារអាទិភាពចំនួន ៣ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ត្រូវផ្ដោតការយកចិត្តទុកដាក់និងជំរុញ គឺ ខឿនសេដ្ឋកិច្ចមូលដ្ឋាន អប់រំ និងសុខាភិបាល សំរាប់ផ្តល់ជូនអ្នកខេត្តកំពត
(កំពត)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ថា សម្រាប់ខេត្តកំពត យើងទាំងអស់គ្នាត្រូវមានវិធានការកែប្រែនិងបំពេញបន្ថែមនូវអ្វីដែលមានការខ្វះខាតនៅក្នុងខេត្តកំពត អោយកាន់តែត្រឹមត្រូវនិងចំគោលដៅ ឆ្លើយតបតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៅខេត្តកំពត ក្នុងនោះមានការងារអាទិភាពចំនួន ៣ ដែលក្រុមការងារ ត្រូវផ្ដោតការយកចិត្តទុកដាក់និងជំរុញ គឺ ខឿនសេដ្ឋកិច្ចមូលដ្ឋាន អប់រំ និងសុខាភិបាល សំរាប់ផ្តល់ជូនអ្នកខេត្តកំពត។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៦ នៅសាលាខេត្តកំពត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ថា សម្រាប់ខេត្តកំពត យើងទាំងអស់គ្នាត្រូវមានវិធានការកែប្រែនិងបំពេញបន្ថែមនូវអ្វីដែលមានការខ្វះខាតនៅក្នុងខេត្តកំពត អោយកាន់តែត្រឹមត្រូវនិងចំគោលដៅ ឆ្លើយតបតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៅខេត្តកំពត ក្នុងនោះមានការងារអាទិភាពចំនួន ៣ ដែលក្រុមការងារ ត្រូវផ្ដោតការយកចិត្តទុកដាក់និងជំរុញ គឺ ខឿនសេដ្ឋកិច្ចមូលដ្ឋាន អប់រំ និងសុខាភិបាល សំរាប់ផ្តល់ជូនអ្នកខេត្តកំពត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា មន្ទីរអប់រំ យុវជននិងកីឡា មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីរសុខាភិបាល មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី មន្ទីរទេសចរណ៍ ស្នងការរង និងសាខាមូលនិធិជាតិជំនួយសង្គម គឺសុទ្ធសឹងជាតួអង្គដ៏សំខាន់ក្នុងការចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ជោគជ័យនិងចំគោលដៅនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល ហើយក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតប្រាក់សន្សំរបស់ជាតិនិងពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំផងដែរ ដូច្នេះមន្ទីរនិមួយៗត្រូវរិះរកវិធីសាស្រ្តតាមជំនាញនិងវិស័យរៀងៗខ្លួន ធ្វើយ៉ាងណាពង្រីកសក្តានុពលរបស់ខេត្តកំពតអោយកាន់តែខ្លាំងក្លាលើគ្រប់វិស័យ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបង្ហាញពីគោលបំណងចង់ឃើញខេត្តកំពតជាខេត្តមួយដែលចូលរួមយ៉ាងសកម្មក្នុងការសន្សំផ្ទាល់នូវប្រាក់សន្សំរបស់ជាតិ ដែលជាកិច្ចការយុទ្ធសាស្ត្រមួយ ធ្វើឱ្យកម្ពុជាអាចរស់បានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកទៅលើប្រទេសណាមួយឡើយ។
ចាប់ពីពេលនេះតទៅមុខទៀត បន្ទាប់ពីការងារចុះបញ្ជីដីធ្លីរួចរាល់និងបញ្ចប់បញ្ហាវិវាទដីធ្លីហើយនោះ ក្រុមការងារក៏ដូចជាមន្ទីរនិងអាជ្ញាធរពាក់ព័ន្ធ ត្រូវរៀបចំក្រុងកំពតឱ្យមានសោភណភាព របៀបរៀបរយ ធ្វើយ៉ាងណាបង្ការនិងទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ រក្សាសុខសុវត្ថិភាពអោយបានល្អ កសាង ជួសជុលនិងថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា អនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព, ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិបានកាន់តែច្រើន បង្កើនប្រាក់ចំណូលនិងប្រាក់សន្សំសម្រាប់ខេត្តកំពត៕










