ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងយកការរៀបចំទីប្រជុំជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ មកធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស ដោយផ្ដើមពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបង្កើតចំណូលជូនដល់ប្រជាពលរដ្ឋ
(ព្រះសីហនុ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងយកការរៀបចំទីប្រជុំជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ មកធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស ដោយផ្ដើមពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបង្កើតចំណូលជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់សិលានេះ។
ថ្លែងក្នុងវេទិកាសាធារណៈពិគ្រោះយោបល់លើគម្រោងកែលម្អទីប្រជុំជនស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានក្រុមការងារចុះជួយស្រុកកំពង់សិលា អភិបាលខេត្តព្រះសីហនុ គណៈអភិបាលស្រុក និងប្រជាពលរដ្ឋនៅស្រុកកំពង់សិលា នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា កិច្ចការមួយដែលយើងគ្រោងធ្វើសម្រាប់ស្រុកកំពង់សាលានេះគឺរៀបចំទីប្រជុំជនឱ្យបានស្អាតបាត។ យោងតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជំរុញឱ្យយើងត្រូវតែរៀបចំស្រុកទេសអោយបានរៀបរយនិងស្អាតបាត ហើយកិច្ចការនេះក៏ជាបំណងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរនោះ ដូច្នេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសាកល្បងយកស្រុកកំពង់សិលាមកធ្វើជាគំរូសម្រាប់ការរៀបចំទីប្រជុំជននៅទូទាំងប្រទេស ក្នុងនោះមានការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ ដោយគិតគូរពីសុវត្ថិភាពនិងគុណភាពជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ។ ជាមួយនេះសាលារៀនដែលជាកន្លែងបណ្ដុះធនធានមនុស្ស និងមណ្ឌលសុខភាពក៏ត្រូវរៀបចំឱ្យបានរៀបរយដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា មានកត្តាបីដែលធ្វើឱ្យជីវភាពប្រជាជនល្អប្រសើរ គឺការគ្រប់គ្រងចំណូលប្រចាំថ្ងៃឱ្យបានល្អ មានប្រាក់សន្សំ និងកាត់បន្ថយបំណុលគ្រួសារ។ ដោយឡែក យើងត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលបានចាត់ថា្នក់ថាជាក្រ១ និងក្រ២ នៅក្នុងមូលដ្ឋាន ព្រមទាំងបញ្ហាសុខភាពសាធារណៈរបស់ពួកគាត់។ ជាមួយគ្នានេះ ក្រុមការងារត្រូវគិតគូរអំពីប្រាក់ចំណូល និងបំណុលរបស់ប្រជាពលរដ្ឋ ត្រូវពិគ្រោះយោបល់ ដើម្បីរកដំណោះស្រាយប្រកបដោយភាពនវានុវត្ត ជូនអ្នកដែលជាប់បំណុលខ្ពស់ផងដែរ។
សូមជម្រាបជូនថា នៅក្នុងវេទិកាសាធារណៈនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើបទបង្ហាញអំពី៖
១. ទិន្នន័យនៃការប្រើប្រាស់ដីនៅក្នុងទូទាំងស្រុកកំពង់សិលា ដែលមានទាំងចំនួនទំហំផ្ទៃដីដែលបាននិងកំពុងធ្វើកសិកម្ម និងអាស្រ័យផល ព្រមទាំងតំបន់ឧស្សាហកម្ម និងរោងចក្រជាដើម
២. ចំណូលរបស់បងប្អូនប្រជាជននៅក្នុងស្រុកកំពង់សិលា
៣. ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវធ្វើ ដែលជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ មានអាទិភាព ប្រសិទ្ធភាព និងការថែទាំតិចតួច៕










