ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា ភាពខុសគ្នានៃជំនឿសាសនា មិនមែនជាមូលហេតុនៃការបែងចែកសង្គមឡើយ ដោយត្រូវរួមគ្នារស់នៅដោយសុខដុមរមនា និងបើកទូលាយទទួលយកបច្ចេកវិទ្យាទំនើប
(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់អំពីការពង្រឹងសុខដុមនីយកម្មសាសនា ការអភិវឌ្ឍខេត្តព្រះសីហនុ និងការលើកកម្ពស់ការអប់រំអោយទាន់សម័យកាលឌីជីថល។
ក្នុងពេលជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់ថ្នាក់ដឹកនាំអន្តរសាសនានៅខេត្តព្រះសីហនុ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលមង្គលសេដ្ឋាចន្ទ នារសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាគឺជាសង្គមដែលមានពហុវប្បធម៌ ពហុសាសនា ដែលរួមមាន ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្តសាសនា និងសាសនាដទៃទៀត ដែលរស់នៅជាមួយគ្នាដោយសុខដុមរមនា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ភាពខុសគ្នានៃជំនឿសាសនា មិនគួរក្លាយជារបាំង ឬជាមូលហេតុនៃការបែងចែក ឬឈានដល់ការប្រើប្រាស់អំពើហឹង្សានោះឡើយ ផ្ទុយទៅវិញ មនុស្សម្នាក់ៗគួរមានជំនឿ និងគុណតម្លៃរៀងខ្លួនដោយឈរលើយន្តការសេរីភាព និងពហុវប្បធម៌។
ឯកឧត្តមប្រធានក្រុមការងារ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ព្រមជាមួយនេះក៏បានគោរព និងធានាដល់ប្រពៃណីទំនៀមទម្លាប់ និងសាសនាដទៃទៀតផងដែរ។ ការកសាងនិងអភិវឌ្ឍជាតិឱ្យរីកចម្រើនបាន គឺត្រូវពឹងផ្អែកលើ «ផ្នត់គំនិតដែលមិនរើសអើង» និងការទទួលយកសង្គមថាជាសង្គមសេរី និងពហុវប្បធម៌។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីការរៀបចំខេត្តព្រះសីហនុដែលជាទីតាំងដ៏ស័ក្តិសមសម្រាប់ការបង្កើតសាលាសាសនា និងបានបង្ហាញក្តីរំពឹងទុកយ៉ាងមុតមាំថា ថ្នាក់ដឹកនាំព្រមទាំងសាសនិកជននៃគ្រប់និន្នាការសាសនាទាំងអស់ នឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចខេត្តព្រះសីហនុ ក៏ដូចជាប្រទេសជាតិទាំងមូល។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើការបរិភោគអាហារដែលមានជីវជាតិខ្ពស់ និងធានាសន្តិសុខស្បៀង ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ពីព្រោះសុខភាព និងកាយសម្បទារឹងមាំគឺជាមូលដ្ឋានគ្រឹះនៃបញ្ញាញាណ។
ដោយឡែកក្នុងវិស័យអប់រំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំកុំឱ្យមានការប្រកាន់ខ្ជាប់នូវគម្ពីរនិយម ឬ ការរៀនសូត្រត្រឹមតែតាមសៀវភៅពេក រហូតដល់បាត់បង់ទស្សនវិស័យទូលំទូលាយនោះ។ មនុស្សជំនាន់ថ្មីត្រូវចេះបើកចិត្តឱ្យទូលាយ រៀនសូត្រពីចំណេះដឹងថ្មីៗ បច្ចេកវិទ្យាទំនើប អ៊ីនធឺណិត និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីចាប់យកឱកាស និងអភិវឌ្ឍជីវិតខ្លួនឯងឱ្យទាន់សម័យកាលឌីជីថល៕










