ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រគល់បណ្ណកម្មសិទ្ធិសរុប ១៣១២ បណ្ណ ជូនអតិថិជនពីគម្រោងបុរីចំនួន ៨ និងប្តេជ្ញាកសាងតំបន់បុរីឱ្យក្លាយជា“បុរីជនបទ” ជាភូមិឋានក្សេមក្សាន្ត ជាទ្រនំសុភមង្គល ប្រកបដោយភាពកក់ក្តៅ ងាយស្រួលរស់នៅ សុវត្ថិភាព និងការអភិវឌ្ឍ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួង បាននឹងកំពុងបន្តជួយរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដូចជា ការរៀបចំប្រព័ន្ធផ្លូវ ទឹកស្អាត និងប្រព័ន្ធភ្លើងបំភ្លឺសាធារណៈការអភិវឌ្ឍតំបន់បុរីឱ្យទៅជា «បុរីជនបទ» ឬ «សហគមន៍ជនបទ» ដែលពោរពេញដោយសោភណភាព និងផាសុកភាព ជាភូមិឋានក្សេមក្សាន្ត ជាទ្រនំសុភមង្គល ដែលងាយស្រួលរស់នៅ មានសុវត្ថិភាព មានសេចក្តីសុខសាន្ត ជិតសាលារៀន មន្ទីរពេទ្យ និងមានបរិយាកាសល្អប្រសើរសម្រាប់ការរស់នៅប្រកបដោយផាសុកភាពរបស់ក្រុមគ្រួសារនីមួយៗ ។
ថ្លែងក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនរបស់បុរី ឡេង ណាវ៉ាត់ត្រា ៥៣២បណ្ណ, បុរី KP ម៉ន ដានី គម្រោងទី ២៩ ចំនួន ៣៣៩បណ្ណ, បុរី PR វីឡា ២១៩ បណ្ណ, បុរី យន់ ប្រុសពៅ ៩៥បណ្ណ, បុរី ស៊ីម បូ ៦៥បណ្ណ, បុរី ចាវ សុជាតិ គម្រោងទី ៥ ចំនួន៤៦ បណ្ណ, ផ្ទះល្វែង ធី សុភ័ក្រ ១១បណ្ណ, និងបុរី ជារី តុល លន់ ៥បណ្ណ សរុបចំនួន ១៣១២ បណ្ណ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់យ៉ាងមុតមាំអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានរក្សាភាពអត់ធ្មត់ និងយោគយល់ដល់ក្រុមការងារក្នុងកំឡុងពេលរៀបចំដំណោះស្រាយផ្សេងៗ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចការងារនេះទាមទារពេលវេលាច្រើន ដោយសារតែគម្រោងបុរីមួយចំនួនមានករណីស្មុគស្មាញច្រើនបែប រួមមានការបង់ប្រាក់មិនទាន់គ្រប់គ្រាន់ ការយកលុយពីគម្រោងមួយទៅធ្វើគម្រោងផ្សេង និងបញ្ហាប្រឈមជាច្រើនទៀត ដែលធ្វើឱ្យមានការយឺតយ៉ាវ និងបង្កផលប៉ះពាល់ដល់អតិថិជន។ ប៉ុន្តែក្រសួងនិងក្រុមការងារបានខិតខំប្រឹងប្រែងសម្របសម្រួលគ្រប់មធ្យោបាយ ដើម្បីធានាឱ្យប្រជាពលរដ្ឋជាអតិថិជនបុរីទាំងនេះទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់។
ក្រៅពីការចេញបណ្ណកម្មសិទ្ធិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួង បាននឹងកំពុងបន្តជួយរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដូចជា៖
ការរៀបចំប្រព័ន្ធផ្លូវ ទឹកស្អាត និងប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ, ការអភិវឌ្ឍតំបន់បុរីឱ្យទៅជា «បុរីជនបទ» ឬ «សហគមន៍ជនបទ» ដែលពោរពេញដោយសោភណភាព និងផាសុកភាព , ជាភូមិឋានក្សេមក្សាន្ត,ជាទ្រនំសុភមង្គល ដែលងាយស្រួលរស់នៅ, មានសុវត្ថិភាព មានសេចក្តីសុខសាន្ត ជិតសាលារៀន មន្ទីរពេទ្យ និងមានបរិយាកាសល្អប្រសើរសម្រាប់ការរស់នៅប្រកបដោយផាសុកភាពរបស់ក្រុមគ្រួសារនីមួយៗ ។ ទន្ទឹមនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏នឹងបន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន រកថវិការៀបចំហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើងអគ្គិសនី ផ្លូវ ដើម្បីឱ្យតំបន់ដែលប្រជាពលរដ្ឋអាចរស់នៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។ ជាមួយគ្នានេះសូមប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរមូលដ្ឋានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង កម្រិតភូមិ/ឃុំ សហការគ្នារៀបចំបង្កើតលក្ខន្តិកៈរស់នៅផ្ទៃក្នុង សម្រាប់ការថែទាំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ភ្លើងបំភ្លឺសាធារណៈ និងការប្រមូលសំរាមឱ្យមានរបៀបរៀបរយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ និងបានជូនពរដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិទាំងអស់ សូមទទួលបាននូវសុខភាពល្អ សេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារតទៅមុខទៀត។ ការប្រគល់បណ្ណកម្មសិទ្ធិនេះ គឺជា និមិត្តរូបនៃភាពជោគជ័យថ្មីមួយទៀត ក្នុងការធានាបាននូវសិទ្ធិអំណាចផ្លូវច្បាប់លើអចលនវត្ថុ និងការលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត៕










