ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដាក់វិធានការបន្ថែមដើម្បីជំរុញពន្លឿនការរៀបចំឯកសារ និងការចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ឆ្លើយតបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបង្កើនកិច្ចសហការរៀបចំយន្តការ ឬ វិធានការថ្មីៗបន្ថែមទៀតជាមួយក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញពន្លឿនការផ្ដល់សេវាចុះបញ្ជីដីឱ្យបានរួចរាល់កាន់តែឆាប់រហ័សជូនប្រជាពលរដ្ឋ ឆ្លើយតបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើការផ្ដល់សេវាសាធារណៈជូនប្រជាជន ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ការជួបប្រជុំគ្នានាពេលនេះ គឺឆ្លើយតបតាមសំណូមពររបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការរៀបចំយន្តការ ឬ វិធានការថ្មីៗបន្ថែមទៀត ទាក់ទិននឹងការពន្លឿនការងារចុះបញ្ជីដីបង្ហើយដែលក្រសួងបានរៀបចំកន្លងមកហើយ។ កន្លងមកនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយចុះបញ្ជីដីបង្ហើយ ដោយវាស់វែងក្បាលដីប្រមាណ ១៤លានក្បាលដីនៅទូទាំងប្រទេស ហើយបច្ចុប្បន្នក្រសួង បាននឹងកំពុងដំណើរការចេញបណ្ណកម្មសិទ្ធិនិងបញ្ចូលទិន្នន័យ គូសវាសក្បាលដីបន្ថែមជាបន្តបន្ទាប់ទៀត។
ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្ដេចតេជោប្រធានព្រឹទ្ធសភា និងសម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានពិនិត្យឃើញថា ដំណើរការចុះបញ្ជីដីធ្លីនេះនៅមានភាពយឺតយ៉ាវនៅឡើយ ដែលតម្រូវឱ្យមានកិច្ចប្រជុំអន្តរក្រសួងបន្ទាន់នាពេលនេះដើម្បីប្រមូលធាតុចូលបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញពន្លឿនការអនុវត្តការងារចុះបញ្ជីដីធ្លីនេះឱ្យបានឆាប់រហ័ស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យអង្គប្រជុំ រិះរកយន្តការ ឬ វិធានការថ្មីៗបន្ថែមទៀតក្នុងការពន្លឿនការងារចុះបញ្ជីដី និងពិនិត្យមើលលើការផ្ដល់សេវារហ័សជូនប្រជាពលរដ្ឋ ដែលជាការឆ្លើយតបទៅតាមសំណូមពររបស់សម្ដេចតេជោប្រធានព្រឹទ្ធសភានិងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលមានបំណងចង់ឱ្យការផ្ដល់សេវាចុះបញ្ជីដីជូនប្រជាពលរដ្ឋកាន់តែមានភាពឆាប់រហ័សលឿនជាងមុន ដែលអាចនឹងត្រូវបញ្ចប់ក្នុងរយៈពេល ៦ខែខាងមុខនេះ៕










