ថ្នាក់ដឹកនាំក្រសួងដែនដី៖ ខេត្តស្វាយរៀង បញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ
(ស្វាយរៀង)៖ ខេត្តស្វាយរៀង បានបិទបញ្ចប់ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋទាំងស្រុង ហើយថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកថានេះជាការបិទទំព័រមួយ ហើយខេត្តស្វាយរៀងកំពុងតែបើកទំព័រថ្មីមួយទៀតដោយការសំលឹងទៅមុខក្នុងការកសាង និងអភិវឌ្ឍខេត្តស្វាយរៀងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយចំនួន ១៣៨ ភូមិស្មើនឹង ១២៩៥៩៥ បណ្ណ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ថ្ងៃនេះ ខេត្តស្វាយរៀងបានបិទបញ្ចប់ការវាស់វែង ចុះបញ្ជីដីធ្លីនិងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋទាំងស្រុង ប៉ុន្តែយើងក៏នៅតែបន្តចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលនៅសេសសល់បន្ថែមទៀតផងដែរ។ ចំពោះដីដែលមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដែលពាក់ព័ន្ធនឹងដីរដ្ឋ ដីបុរាណដ្ឋាន ដីចំណីទន្លេបឹងបួរ គឺយើងនឹងបន្តដោះស្រាយបញ្ចប់បញ្ហាដីធ្លីទាំងនេះជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តស្វាយរៀង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារជំនាញ, រដ្ឋបាលខេត្តស្វាយរៀង មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមលះបង់កម្លាំងកាយចិត្តនិងកម្លាំងប្រាជ្ញាយ៉ាងសស្រាក់សស្រាំក្នុងការសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានដល់ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់នៅថ្ងៃនេះ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានចាត់ទុកថា នេះជាការបិទទំព័រមួយ ហើយខេត្តស្វាយរៀងក៏ត្រូវបើកទំព័រថ្មីមួយទៀត ដោយសំលឹងទៅមុខក្នុងការកសាង និងអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ទៅមុខទៀត សូមអាជ្ញាធរនិងប្រជាពលរដ្ឋងាកមកគិតគូរការបង្កបង្កើនផល ចិញ្ចឹមសត្វ ប្រកបរបរចិញ្ចឹមជីវិត បង្កើនចំណូល និងចូលរួមរៀបចំទីក្រុងនិងទីប្រជុំជនឱ្យស្អាត មានសោភណភាព និងរក្សាបានឧត្តមប្រយោជន៍ជាតិ។
សូមជម្រាបជូនថា ខេត្តស្វាយរៀងគឺជាខេត្តទី៥ នៃប្រទេសកម្ពុជា ដែលបានបិទបញ្ចប់ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាស្ថាពរ៕










