ឯកឧត្តម សាយ សំអាល់ ប្តេជ្ញាបន្តជ្រោមជ្រែងវិស័យកីឡា និងជំរុញការផ្លាស់ប្តូរផ្នត់គំនិតថ្មី ដើម្បីលើកកម្ពស់កិត្តិយសជាតិ
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សន្យាថានឹងនៅតែបន្តជួយជ្រោមជ្រែងក្នុងវិស័យកីឡា និងជំរុញឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិតថ្មីក្នុងវិស័យនេះដើម្បីឱ្យវិស័យកីឡារបស់កម្ពុជាដើរទៅមុខដោយភាពរីកចម្រើននិងសេចក្តីថ្លៃថ្នូរ នាំមកនូវកិត្តិយសជូនជាតិនិងប្រជាជន។
ថ្លែងក្នុងពេលទទួលជួបសំដែងការគួរសមជាមួយប្រតិភូកីឡាសហព័ន្ធកីឡាតៃក្វាន់ដូ ITF សហព័ន្ធកីឡាឡើងភ្នំកម្ពុជានិងប្រតិភូអត្តពលិកសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា នាព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានផ្តល់ការណែនាំដល់ប្រតិភូសហព័ន្ធកីឡាឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិតថ្មីក្នុងវិស័យកីឡា ដើម្បីឱ្យកីឡាអាចរស់នៅជាមួយយើងទាំងអស់គ្នាជារៀងរហូត ហើយដើម្បីអាចធ្វើបែបនេះបានគឺយើងត្រូវរួមគ្នាធ្វើយ៉ាងណាកាត់បន្ថយភាពក្រីក្រនិងបង្កើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនោះទើបកម្ពុជា មានភាពរឹងមាំហើយអាចរស់បានជារៀងរហូត។ ទន្ទឹមនេះការផ្លាស់ប្ដូរផ្នត់គំនិតក្នុងវិស័យអប់រំក៏ជាកត្តាសំខាន់ដើម្បីធានាបាននូវការកសាងធនធានមនុស្សប្រកបដោយគុណភាពរបស់កម្ពុជាដែលផ្ដើមចេញពីការកសាងសាលារៀនដែលមានលំហសាធារណៈ មានទីធ្លាសាលាដែលអាចលំហែនិងពង្រឹងកាយសម្បទាបាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, កិច្ចការចាំបាច់ដែលត្រូវធ្វើគឺ ជំរុញការផ្លាស់ប្ដូរផ្នត់គំនិតថ្មីលើពហុវិស័យ ក្នុងនោះមានវិស័យអប់រំនិងវិស័យកីឡាផងដែរ ដើម្បីបង្កើនធនធានមនុស្សប្រកបដោយគុណភាពសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ និងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យប្រសើរឡើង ឆ្លើយតបតាមបំណងប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលចង់ឱ្យប្រជាពលរដ្ឋគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ ទទួលបានការសិក្សាអប់រំចប់ចុងចប់ដើមគ្រប់ៗគ្នា មានទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ ដែលមានន័យថានៅគ្រប់ទីកន្លែងទាំងអស់ មានគ្រប់ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដែលធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលរស់នៅ មានប្រាក់ចំណូល មានប្រាក់សន្សំ មានការលំហែនិងកាត់បន្ថយបំណុលគ្រួសារ រួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំយូរអង្វែងតជំនាន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសន្យាថានឹងនៅតែបន្តជួយជ្រោមជ្រែងក្នុងវិស័យកីឡា ជំរុញការផ្លាស់ប្ដូរផ្នត់គំនិតថ្មីដើម្បីឱ្យវិស័យកីឡារបស់កម្ពុជាដើរទៅមុខដោយភាពរីកចម្រើននិងសេចក្តីថ្លៃថ្នូរ នាំមកនូវកិត្តិយសជូនជាតិនិងប្រជាជន៕










